ប្រជាពលរដ្ឋខ្មែរជាង៤៥ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈសល់តែ១២ថ្ងៃទៀត ការចុះឈ្មោះនឹងត្រូវបញ្ចប់!
28-10-2017 09:08
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជា៤៥ម៉ឺននាក់ហើយ ខណៈការចុះឈ្មោះឆ្នោតនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ពោលសល់តែ១២ថ្ងៃទៀតប៉ុណ្ណោះ។
គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤៥៤,១១៦នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕