ស្នងការខេត្តព្រះសីហនុ ដឹកនាំប្រជុំផ្សព្វផ្សាយពីឧបាយកល និងផែនការបដិវត្តន៍ពណ៌របស់ក្រុមក្បត់ជាតិ និងប្រកាសជំហរគាំទ្រសម្ដេចតេជោ ហ៊ុន សែន
27-10-2017 18:58
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយពីឧបាយកល និងផែកការបដិវត្តន៍ពណ៌ ដល់ថ្នាក់ដឹកនាំដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រមាណ៣០០នាក់ ដែលបានរៀបចំឡើយ ដោយក្រុមគណបក្សប្រឆាំងនៅកម្ពុជា ដោយទទួលបានណែនាំ និងបញ្ជាពីមហាអំណាចអាមេរិក។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមពីនាយនគរបាល មកពីការិយាល័យជំនាញ ចាប់ពីថ្នាក់នាយរងផ្នែក ដល់ស្នងការរង និង ក្រុង ស្រុក ចាប់ពីថ្នាក់នាយរងប៉ុស្តិ៍រដ្ឋបាល ដល់អធិការ សរុបចំនួន៣៧០នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឡើងពន្យល់អំពីចំណុចចាប់ផ្តើម នៃបដិវត្តន៍ពណ៌ និងនិយមន័យ នៃបដិវត្តន៍ពណ៌ ដែលពួកប្រឆាំងប្រតិកិរិយាអមិត្ត បានឃុបឃិតគ្នា ជាមួយចក្រព័ទ្ធបរទេស រៀបចំឡើងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោតនៅកម្ពុជា និងធ្វើបាតុកម្ម នានា មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គ្រប់អាណត្តិកន្លងមក ប៉ុន្តែរាល់ផែនការទុច្ចរិត របស់ពួកប្រឆាំង ត្រូវយើងទប់ស្កាត់បានទាន់ពេលវេលា បញ្ជៀសបាននូវគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ទៀតថា ថ្មីៗនេះ មានលេចចេញរូបភាពវីដេអូ អមដោយសំឡេងដើមរបស់ លោកកឹម សុខា និងលោក សម រង្ស៊ី អំពីផែនការក្បត់ជាតិរបស់ពួកប្រឆាំង រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តន៍តាមការណែនាំរបស់បរទេស និង មានភស្តុតាង អង្គហេតុ ជាច្រើនទៀត ដែលបញ្ជាក់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបញ្ជូនក្រុមយុវជនរបស់ពួកគេ ឲ្យទៅរៀននៅប្រទេសឥណ្ឌូនេស៊ី អំពីយុទ្ធសាស្រ្ត ឧបាយកល និងវិធីសាស្ត្រធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
លោកស្នងការ បន្ថែមថា យើងមានភស្តុតាងជាច្រើនដែលអាចដាក់បន្ទុកលើមេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តបទល្មើសទោសក្បត់ជាតិ ប៉ុនប៉ងបំផ្លាញសន្តិសុខជាតិ ដែលមិនត្រូវលើកលែងឲ្យរួចទោសបានឡើយ។ បន្ថែមពីនេះ លោកក៏បានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃឲ្យបានល្អ ចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានកាន់តែប្រសើរឡើង ពិសេសលប់បំបាត់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន នៅក្នុងមូលដ្ឋាន៕