Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ ត្រូវពន្យល់មន្ដ្រីគ្រប់លំដាប់ថ្នាក់ និងពលរដ្ឋឲ្យយល់ច្បាស់ ពីផលវិបាកនៃបដិវត្តន៍ពណ៌ ដែលបង្កដោយក្រុមក្បត់ជាតិ

27-10-2017 18:56

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្ដណែនាំថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយអប់រំ ពន្យល់ឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋយល់ពីផលវិបាកនៃបដិវត្តន៍ពណ៌ ដែលបង្កឡើងដោយក្រុមជនក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ លទ្ធផលនៃសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដែលអង្គភាពព័ត៌មាន Fresh News បានទទួលនៅនេះបន្ដិច នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។

សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយអប់រំ ពន្យល់ឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋយល់ពីផលវិបាកនៃបដិវត្តន៍ពណ៌ ដែលបង្កឡើងដោយក្រុមជនក្បត់ជាតិ ដោយបានឃុបឃិតជាមួយបរទេស សំដៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ បង្កឲ្យប្រទេសជាតិ ធ្លាក់ចូលក្នុងភាពវឹកវរ អស្ថិរភាពនយោបាយ អន្តរាយដល់សុខសន្តិភាព និងបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចជាតិទាំងមូល»

ការមានប្រសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពី កម្លាំងនគរបាលបានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយធ្លាយនូវវីដេអូដែលបាននិយាយអះអាងថា សហរដ្ឋអាមេរិក បានហៅខ្លួននៅណែនាំ និងបង្រៀនពីការផ្លាស់ប្ដូរ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបប៊ី។

ព្រមពេលជាមួយគ្នានេះ ថ្មីៗនេះក៏បានលេចធ្លាយនូវវីដេអូមួយទៀត ដែលនិយាយដោយទណ្ឌិត សម រង្ស៊ី បានបោះបោរឲ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមរំលឹកថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈម នឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្នផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានប្រកាសថា ការអនុវត្តន៍សម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយ ហើយការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ៕