(កំពង់ធំ)៖ ដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត ចំនួន៣គម្រោង ត្រូវបានគេមើលឃើញថា អ្នកម៉ៅការមានការឃុបឃិត ប្រព្រឹត្តអំពើពុករលួយ ដែលប្រការនេះ ផ្ទុយទៅក្រមសីលធម៌សម្រាប់អ្នកទទួលការ ដែលបំរាមមិនឲ្យមានទង្វើនេះ ហើយដំណើរការដេញថ្លៃនោះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅសាលាឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងក្រមសីលធម៌នៃការដេញ គឺហាមមិនឲ្យអ្នកទទួលការ ឃុបឃិតគ្នាទេ ប៉ុន្តែជាក់ស្តែងដំណើរការដេញថ្លៃខាង គឺគេឃើញអ្នកទទួលការ បានចរចារគ្នារញេរញ៉ៃ មុនម៉ោង ដាក់សំណើរដេញថ្លៃ ធ្វើឲ្យក្រុមគណៈកម្មការធ្វើការហាមឃាត់ជាញឹកញាប់។
ទោះជាយ៉ាងនោះក្តី ក្រោយពីបានដាក់សំណើរដេញថ្លៃរួចមិនយូរប៉ុន្មាន ក្រុមអ្នកម៉ៅការបាននាំគ្នា បើករថយន្តចេញពីមុខសាលាឃុំប្រហែល១០០ម៉ែត្រ ហើយចែកលុយ ឈ្លោះប្រកែកគ្នាយ៉ាងអាណាធិបតេយ្យ ដោយគ្មានញញើត ចំពោះម្ចាស់លទ្ធកម្ម និងគណៈកម្មការឡើយ។
គម្រោងដែលដាក់ឲ្យដេញថ្លៃនោះ ទី១៖គម្រោង កែលំអផ្លូវលំ គ្រួសក្រហម និងដាក់លូ២កន្លែងឃុំបឹង តម្លៃប៉ាន់ស្មាន ៨០,០២៣,៩១៩រៀល ដេញបានទៅលើក្រុមហ៊ុន ស្រេង ប៊ុនឡេង ក្នុងតម្លៃ៧៩,៤៥០,០០០រៀល, ទី២៖គម្រោង ឃុំបារាយណ៍ កែលំអរផ្លូវក្រាលគ្រួសក្រហម ប្រវែង១,១៥០ម៉ែត្រ ទឹកប្រាក់ប៉ាន់ស្មាន៧២,៧៦៤,៥៩២រៀល បានទៅលើក្រុមហ៊ុន ផេង ពាក្យ ក្នុងតម្លៃ៧២,០០០,០០០រៀល និងគម្រោងទី៣៖ ឃុំបល្ល័ង្ក សាងសង់ផ្លូវបេតុង ក្នុងភូមិដូង ទឹកប្រាក់ប៉ាន់ស្មាន៩៣,៧៣៣,៩៨៩រៀល បានទៅលើក្រុមហ៊ុន ម៉េង ឆេង ក្នុងតម្លៃ៩៣,០០០,០០០រៀល។
ពាក់ព័ន្ធភាពមិនប្រក្រតី នៃការដេញថ្លៃនេះដែរ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកបានប្រគល់កិច្ចការនោះ ទៅទីចាតការផែនការវិនិយោគខេត្ត។
ដោយឡែក លោក ខៀវ ប៉ាង នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ធំ ទូរស័ព្ទចូលតែអត់អ្នកទទួល ហើយចំណែក លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានប្រាប់តាមទូរស័ព្ទថា ខាងលោកគ្មានសិទ្ធសម្រេចអ្វីទេ ហើយបើមានតំណាងជាអភិបាលរង ចូលរួមជាអធិបតីគ្រាន់តែបង្គ្រប់ៗកិច្ចតែប៉ុណ្ណោះ ខណៈដែលមេឃុំជាម្ចាស់លទ្ធកម្មទាំង៣ឃុំ មិនអាចសុំការពន្យល់បានទេ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ៕