Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិព័រណ៍អាហារបួសនៃក្ដីស្រឡាញ់នៅកម្ពុជា នឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣ដល់ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

27-10-2017 17:41

(ភ្នំពេញ)៖ ពិព័រណ៍អាហារបួស នៃក្ដីស្រឡាញ់នៅកម្ពុជា លើកទី៥ ឆ្នាំ២០១៧ ដែលរៀបចំដោយសមាគមអ៊ីគ័នតាវ ប្រចាំនៅកម្ពុជា ដែលតែងតែប្រារព្ធឡើងជារៀងរាល់១ឆ្នាំម្ដង នឹងប្រារព្ធឡើងក្នុង ឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ រយៈពេលពីរថ្ងៃ គឺថ្ងៃទី០៣-០៤ ខែវិច្ឆិកា នៅក្នុងបរិវេណនៃ ពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ចាប់ពីម៉ោងម៉ោង៩ព្រឹក រហូតដល់ម៉ោង៧យប់។

រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីជំរុញអារហារបួសបានឈានដល់ខួបលើកទី៥ហើយ ជាពិសេសលើកនេះគឺជាការប្រារព្ឋឡើងក្នុងទ្រង់ទ្រាយធំ ដោយស្របនឹងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

តាមរយៈពិព័រណ៌អាហារបួស នៃក្ដីស្រលាញ់ពុំមានការកំណត់ចំនួនមនុស្ស និងពេលវេលាដូចកាលពីលើកមុនៗឡើយ គឺក្នុងគោលបំណងធ្វើឱ្យ សាធារណៈជនទាំងឡាយ កាន់តែមានឱកាសស្វែងយល់ អំពីអត្ថប្រយោជន៍នៃអាហារបួស និងសប្បុរសធម៌ ឈានទៅដល់ការបណ្តុះក្ដីស្រលាញ់នៅក្នុងចិត្ត រួមចំណែកអភិរក្សភពផែនដី និងធ្វើឲ្យពិភពលោកកាន់ស្រស់បំព្រង។

ព្រឹត្ដិការណ៍ក្នុងឆ្នាំនេះ ផ្ដោតទៅលើគោលដៅសំខាន់ធំៗចំនួន២៖

១៖ ជំរុញផ្សព្វផ្សាយការទទួលទានអាហារបួស៖

* កែប្រែពីការសម្លាប់ជីវិតសត្វមកជាការថែរក្សាជីវិតសត្វ
* ដោយស្រលាញ់ និងអភិរក្សព្រៃឈើ បរិស្ថាន និងភពផែនដី
* ថែរក្សាធនធានធម្មជាតិ កសាងនូវទស្សនៈវិស័យរួមគឺ កើតមករួមគ្នា រួមរស់ជាមួយគ្នា និងរីកចម្រើនរួមគ្នា

២៖ ជំរុញផ្សព្វផ្សាយក្ដីស្រលាញ់៖

* ការចេះជួយឈឺឆ្អាល និងការធ្វើទានបរិច្ចាគ
* សាងអំពើល្អ បណ្តុះចិត្តមេត្តាករុណា
* ចូលរួមយកចិត្តទុកដាក់លើអាយុជីវិតកុមារ តាមរយៈការប្រមូលមូលនិធិសប្បុរសធម៌ ជួយដល់កុមារ ដែលមានជំងឺ ឲ្យទទួលបានការព្យាបាលពីមន្ទីរពេទ្យ ។

បច្ចុប្បន្ននេះ បានមានស្ដង់អាហារបួសចំនួនជាង១០០ស្ដង់ និងអាជីវករផ្សេងៗ បានចូលរួមសហការឧបត្ថម្ភ និងមានលក់ផលិតផលអាហារបួសគ្រប់ប្រភេទ រួមបញ្ចូលទាំងអាហារសម្រន់ បន្លែរក្សាសុខភាព ផ្លែឈើស្រស់ ផលិតផលក្នុងស្រុក ក្រៅស្រុក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារមួយទឹក និងកម្មវិធីល្បែងកំសាន្តជាច្រើនទៀត។ ព្រឹត្តិការណ៍លើកនេះ ឆ្លើយតបនឹងការថែរក្សាបរិស្ថាន និងការមិនចោលសម្រាមផ្តេសផ្តាស កាត់បន្ថយការ វេចខ្ចប់អាហារ ដោយលើកទឹកចិត្តដល់មហាជនទូទៅ ឲ្យប្រើប្រាស់ចានស្លាបព្រាធម្មតា។

ក្រៅពីការពិសារភោជនីអាហារ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ក៏នៅមានកម្មវិធីសម្ដែងសិល្បៈដ៏អស្ចារ្យជាច្រើនដូចជា៖ ការសម្ដែងរបាំដ៏គួរឲ្យចាប់អារម្មណ៍ ការសម្ដែងល្ខោនដ៏កក់ក្ដៅ របាំប្រពៃណីខ្មែរ ការប្រគុំឧបករណ៍តន្រ្តីចិន និងអឺរ៉ុប ការច្រៀងចម្រៀងជាពួក និងការប្រគុំតន្ត្រីផ្សេងៗជាដើម។ល។ ព្រមទាំងមានការធ្វើបទបង្ហាញ ពីអ្នកជំនាញអាហារបួស ដោយចែករំលែកអំពីសារៈសំខាន់នៃអាហារបួស វិធីសាស្រ្តថែទាំសុខភាពឱ្យមាំមួន និងការថែរក្សាសម្រស់ឱ្យស្រស់ស្អាត។

ក្នុងព្រឹត្តិការណ៍នេះ នឹងប្រើប័ណ្ណទិញទំនិញដើម្បីទិញអាហារ និងសម្ភារផ្សេងៗមួយសន្លឹក តម្លៃត្រឹមតែ៣ដុល្លារប៉ុណ្ណោះ ដែលក្នុងនោះ១/៦នៃទឹកប្រាក់ ត្រូវបានទុកជាមូលនិធីសប្បុរសធម៌ ម្យ៉ាងវិញទៀត អាចយកកន្ទុយប័ណ្ណនោះ ទៅចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ច្រើនសន្ធឹកសន្ធាប់ដូចជា៖ សំបុត្រយន្តហោះ ទូរស័ព្ទដៃ សម្ភារអេឡិចត្រូនិច កង់ និងវត្ថុអនុស្សាវរីយ៍ជាដើម សូមស្វាគមន៍ដល់សាធារណៈជន អញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕