(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដឹកនាំគណៈប្រតិភូព្រំដែន ចុះទៅកាន់ព្រំដែនខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីចុះត្រួតពិនិត្យការបោះបង្គោលព្រំដែនបំពេញ បន្ថែមរវាងខេត្តនេះ ជាមួយខេត្តពីរទៀតរបស់វៀតណាម គឺខេត្តតៃនិញ និងខេត្តឡុងអាន។

សម្រាប់បញ្ហាព្រំដែននៅខេត្តនេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកកិច្ចការព្រំដែន បានបញ្ជាក់ថា ចំពោះព្រំដែនខេត្តស្វាយរៀង-តៃនិញ ភាគីទាំងពីរឯកភាពខ្សែព្រំដែនបាន ៨៦% ដោយបោះបង្គោលព្រំដែនធំបាន៤១បង្គោល និងបង្គោលខណ្ឌសីមា បានចំនួន១៩៨ បង្គោលនៅលើដីជាក់ស្តែង។

លោកស្រី បានបន្តថា ដោយឡែក ព្រំដែនរវាងខេត្តស្វាយរៀង-ឡុងអាន ភាគីទាំងពីរឯកភាពខ្សែព្រំដែនបាន៧៣% និងបោះបង្គោលព្រំដែនធំបានចំនួន៤០បង្គោល និងបង្គោលខណ្ឌសីមាបានចំនួន ៨០បង្គោលនៅលើដីជាក់ស្តែង។

សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ក៏បានចុះសួរសុខទុក្ខដល់កងកម្លាំងយោធានៅវរៈការពារព្រំដែន និងប៉ូលីសព្រំដែន នៅប៉ុស្តិ៍ដូង ត្រឡោកបែក ជៀសឬស្សី តានូ និងព្រៃវ័រផងដែរ។ ក្នុងឱកាសចុះសួរនោះ លោកទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភក្នុងមួយប៉ុស្តិ៍ទទួលបាន មីយើង២កេះធំ ត្រីខ ២កេស និងថវិកា ៤០០,០០០រៀលផងដែរ៕