(ភ្នំពេញ)៖ យុទ្ធនាការ «Get Your Shape Back» តាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូន ត្រូវបានដាក់ឲ្យដំណើរការ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧ ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូដទៃទៀត ដើម្បីលើកកម្ពស់ ការទទួលទានគ្រឿងស្រវឹង ដោយមានទំនួលខុសត្រូវខ្ពស់នៅកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក គឹម រឹទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBLនិងភ្ញៀវកិត្ដិយសជាច្រើនទៀត ។

លោក Roland Bala បានលើកឡើងពីសារសំខាន់នៃសកម្មភាព របស់ក្រុមហ៊ុន ក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធី «Get Your Shape Back» នេះថា នេះគឺជាឆ្នាំទី៦ហើយ ដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង»។ យុទ្ធនាការរបស់យើង បានចាប់ផ្តើមកាលពីឆ្នាំ២០១១ នៅពេលយើងចាប់ផ្តើមបើកយុទ្ធនាការ «បើស្រវឹងសូមកុំបើកបរ» ហើយនៅឆ្នាំ២០១៣ យើងបានបញ្ចូលខ្លឹមសារកំប្លែងបន្តិចបន្តួច នៅក្នុងយុទ្ធនាការរបស់យើង ដែលមានឈ្មោះថា «តើត្រូវធ្វើយ៉ាងណាដើម្បីមានសុវត្ថិភាព» ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងបន្ថែមអំពីការទទួលទានគ្រឿងស្រវឹង»។

លោកបន្ដថា ចាប់តាំងពីឆ្នាំ២០១៤មក យើងបានចាប់ផ្តើមយុទ្ធនាការ «GYSB» ដែលផ្តោតលើយុវវ័យ ពីព្រោះពួកគេមានវ័យក្មេងហើយចង់រៀន ។ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រុមហ៊ុន CBL ចង់ឱ្យយុវជន ប្រកាន់ខ្ជាប់យកឥរិយាបថទទួលខុសត្រូវ ចំពោះការទទួលទានគ្រឿងស្រវឹង។ ទំព័រហ្វេសប៊ុក 'GYSB' របស់យើង បានឈានដល់ ១.២លាននាក់ នៃអ្នកប្រើប្រាស់ ហើយមានអ្នកគាំទ្រចំនួន ៥៥,០០០នាក់ ខណៈដែលកម្មវិធីស្មាតហ្វូន GYSB របស់យើង មានចំនួននៃការទាញយក ១២,០០០ដង ពី App Store និង Play Store» ។

ឥឡូវនៅឆ្នាំ២០១៧នេះ ក្រុមហ៊ុន CBL បានណែនាំពីគម្រោងផ្តួចផ្តើមថ្មីមួយ ដោយដាក់ឲ្យដំណើរការនូវកម្មវិធីមួយ ដែលឈ្មោះថា «Get Your Shape Back» សម្រាប់អ្នកប្រើទូរស័ព្ទស្មាតហ្វូន ដែលអាចទាញយកវាឥឡូវនេះពី Apple App Store សម្រាប់ iPhone និង iPad ឬពី Google Play Store សម្រាប់ទូរស័ព្ទ និងថែបឡេត Android ។កម្មវិធី GYSBថ្មីនេះមានមុខងារសំខាន់៤យ៉ាង រួមមាន៖

*ការគណនាបរិមាណទទួលទាន៖ អ្នកប្រើប្រាស់អាចដឹងថា រាងកាយរបស់ពួកគេត្រូវការសម្រាកប៉ុន្មានម៉ោងក្រោយពេលពិសាគ្រឿងស្រវឹង ដោយគ្រាន់តែវាយបញ្ចូលចំនួនប៉ុន្មានដែលខ្លួនបានពិសា។

*គន្លឹះណែនាំពីការទទួលទានដោយទំនួលខុសត្រូវ៖ មុខងារពិសេសនេះផ្តល់នូវគន្លឹះណែនាំអ្នកប្រើប្រាស់អំពីរបៀបពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម។

*ហៅតាក់ស៊ី៖ មុខងារពិសេសនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីនេះងាយស្រួលហៅតាក់ស៊ីក្នុងរាជធានីភ្នំពេញ។

*ល្បែងចងចាំ៖ អ្នកប្រើប្រាស់អាចលេងហ្គេមដើម្បីរៀនពីខ្លឹមសារនៃការទទួលទានដោយការទទួលខុសត្រូវ ថតរូបសែលហ្វី និងមានឱកាសឈ្នះរង្វាន់ iPhone X ថ្មីសន្លាងមួយគ្រឿង។
គោលដៅនៃយុទ្ធនាការនេះ គឺដើម្បីជំរុញឲ្យយុវជនចូលរួមដោយក្តីរីករាយ ដើម្បីស្វែងយល់ដឹង ពីផលវិបាកនៃការទទួលទានគ្រឿងស្រវឹងហួសកម្រិត។ តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុន CBL សង្ឃឹមថានឹងអាចជួយជំរុញយុវជនកម្ពុជាឱ្យឃ្លាតឆ្ងាយ ពីការទទួលទានគ្រឿងស្រវឹងហួសកម្រិត តាមរយៈសារ៖ រក្សារូបរាងរបស់អ្នក ពិសាគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ !