(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៨ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តទាំងស្រុងដោយមានកែប្រែឡើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

បើយោងតាមរបាយការណ៍ ខ្លឹមសារសង្ខេប ស្តីពីសេចក្តីព្រាងច្បាប់ថវិការជាតិ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិការដ្ឋ សរុបចំនួន ២៤,៣៧៥,១០២លានរៀល ដែលស្មើនឹងប្រមាណ៦ពាន់លានដុល្លារអាមេរិក កើនឡើង១៥.២ភាគរយ បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ២១,១៥១,៩៨៥លានរៀល ស្មើនឹងប្រមាណជាង៥,២០០លានដុល្លារអាមេរិក។

ចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ មានដែលប្រមាណ៦ពាន់លានដុល្លារ ត្រូវបានបែងចែកជា២ធំៗគឺ៖
ទី១៖ ចំណាយចរន្តថវិការដ្ឋ ចំនួន ១៥,៩៤៥,៤១៨លានរៀល (ប្រហាក់ប្រហែល៣៩៨០លានដុល្លារ)
ទី២៖ ចំណាយមូលធនថវិការដ្ឋ ចំនួន ៨,៤២៩,៦៨៤លានរៀល (ប្រហាក់ប្រហែល២១០០លានដុល្លារ)

រាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨ថា អាចនឹងបន្តកើនឡើងក្នុងអាត្រា៦,៩% ដូចឆ្នាំ២០១៧ ដែលធ្វើឲ្យ ផលិតផលក្នុងស្រុក (ផ.ស.ស-GDP) តាមថ្លៃបច្ចុប្បន្នកើនឡើងដល់ ៩៩,១១៦,០៤១លានរៀល ប្រមាណជា ២៤,៥៥២លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១,៥៦៨ដុល្លារអាមេរិក ដែលមានការកើនឡើងជាងឆ្នាំ២០១៧ ត្រឹមតែ១៤៣៥ដុល្លារតែប៉ុណ្ណោះ៕