(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ផ្លូវលេខ៦២R ដែលបានបិទជាបណ្ដោះអាសន្ន នាពេលកន្លងមក ចាប់ពីផ្លូវលេខ៥៩៨ ចូលមកវត្តញាណរង្សី និងផ្សាសំហាន់ (ហៅផ្សារទួលសង្កែ) ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដើម្បីធ្វើការជួសជុលជង្ហុគតូចធំ (សំបុកមាន់) ឡើងវិញ រយៈពេលកន្លះខែមកនេះ រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលរកស៊ីទទួលទានបានគ្រប់មធ្យោបាយ យ៉ាងងាយស្រួលដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួន ក្រោមការជួយជ្រោមជ្រែង ជាពលកម្មពីកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ផងដែរ។

គួររំឭកផងដែរថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅ បានចេញមកប្រកាសជូនដំណឹងភ្លាមៗដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរគ្រប់មធ្យោបាយចេញ-ចូល នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ឲ្យបានជ្រាបថា រដ្ឋបាលសាលាខណ្ឌឫស្សីកែវ និងសម្រេចបិទផ្លូវមួយខ្សែលេខ62R ជាបណ្ដោះអាសន្នសិន ចាប់ពីផ្លូវលេខ៥៩៨ រហូតចូលមកវត្តញាណរង្សី និងផ្សាសំហាន់ (ហៅផ្សារទួលសង្កែ) ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក ជា ពិសី បានថ្លែងថា ការបិទចរាចរជាបណ្តោះអាសន្នខាងលើនេះ ដោយសារតែផ្លូវមួយខ្សែខាងលើនេះ ត្រូវរងការខូចខាតយ៉ាងដំណំ ហើយបាននិងកំពុងបើកការដ្ឋាន ដើម្បីដាក់ឲ្យដំណើរការជួសជុលឡើងវិញផងដែរ ដែលអាចធ្វើឲ្យមានផលលំបាក ក្នុងការធ្វើដំណើរ ចេញ-ចូលរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋគ្រប់មធ្យោបាយ។

លោក ជា ពិសី បានថ្លែងទៀតថា អាស្រ័យដូចបានជម្រាបជូនជាដំណឹងតាមហេតុផលជាក់ស្ដែងខាងលើ រដ្ឋបាលសាលាខណ្ឌឫស្សីកែវ សូមខន្តី អភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន ទូទាំងខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យដោយក្ដីអនុគ្រោះ រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរហើយ សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលរកស៉ីទទួលទានបានគ្រប់មធ្យោបាយយ៉ាងងាយស្រួលដោយប្រើប្រាស់ធន់ធានផ្ទាល់ខ្លួន ក្រោមការជួយជ្រោមជ្រែងជាពលកម្មពីកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ផងដែរ៕