(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បានរៀបចំសន្និសីទកាសែត នៅទីស្នាក់ការបក្សរបស់ខ្លួន ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្តីពីបច្ចុប្បន្នភាពនយោបាយនៅកម្ពុជា និងអំពីការពាក្យបណ្តឹងទៅកាន់តុលាការ ដោយប្តឹងលោក លឺ ឡាយស្រេង ពីបទប្រមាថព្រះចេស្តារព្រះមហាក្ស មួលបង្កាច់គណបក្ស ព្រះកិត្តិនាម និងបរិហារកេរ្តិ៍សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ។

នៅក្នុងសន្នីសីទកាសែតខាងលើនេះ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា រយៈពេលថ្មីៗនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យបណ្តឹងលោក លឺ ឡាយស្រេង រួចហើយដោយចោទប្រកាន់ចំនួន៣បទល្មើស ទី១៖ ពីបទប្រមាថព្រះចេស្តារព្រះមហាក្សត្រ, ទី២៖ ពីបទមួលបង្កាច់គណបក្សហ៊្វុនស៊ិនប៉ិច និងទី៣៖ ពីបទបរិហារកេរ្តិ៍សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញ៉េប ប៊ុនជិន បានបន្តថា លោកក៏បានរំលឹកពីប្រវត្តិការងាររបស់លោក លឺ ឡាយស្រេង «ដែលកាលពីមុន នៅធ្វើការជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិកា រដ្ឋលេខាធិកា រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដោយលុតជង្គុងសុំសម្តេចក្រុមព្រះ ដែលយកលុយទៅប្រទានលោក។ លោកស្រី គី លំអង ជាអតីតតំណាងរាស្ត្រ៣អាណត្តិរបស់គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែលជាបុគ្គលយក ប្រយោជន៍ពីបក្ស ទាំងនេះជារឿងអយុត្តិធម៌សម្រាប់សម្តេចក្រុមព្រះ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ហើយលោកតា លឺ ឡាយស្រេង បានប្រមាថកាតទាន សម្តេចក្រុមព្រះ និងគណបក្សយូរមកហើយ តាំងពីវិដេអូឃ្លីបមុនៗ»។ មិនមែនយើងមិនដឹងទេ តែសម្តេចព្រះប្រធាន លោកមានហឫទ័យសណ្តោសកូនចៅ​ ដែលធ្លាប់ជាកូនចៅ ហើយមានព្រះបន្ទូលថា កុំទៅរករឿងគាត់ព្រោះគាត់ចាស់ហើយ ពេលខ្លះគាត់វង្វេង»

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧កន្លងទៅ Facebook ឈ្មោះ សីហា បានទម្លាយសំឡេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង អតីតមន្ដ្រីជាន់ខ្ពស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើពាក្យសម្ដីជេរ ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ដូច្នេះហើយនេះ ជាភស្តុតាងមួយដើម្បីដាក់ពាក្យបណ្តឹងលោក លឺ ឡាយស្រេង។ មិនតែប៉ុណ្ណោះ លោក លឺ ឡាយស្រេង បានចោទសម្តេចក្រុមព្រះថា ទទួលបានប្រាក់១លានដុល្លារ ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យកមកចែកគ្នាជាមួយ សមាជិកក្នុងម្នាក់ៗ២ម៉ឺនដុលា្លរ ទាំងនេះជាការមួលបង្កាច់ ការប្រមាថទាំងស្រុងគ្មានការពិត»