រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំព្រះរាជពិធីខួបលើកទី១៣ នៃការគ្រោងព្រះបរមរាជ្យសម្បត្តិព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា
27-10-2017 15:05
(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្សទូទាំង ខេត្តបន្ទាយមានជ័យ ចូលអបអរសាទរ ថ្ងៃគ្រោងព្រះបរមរាជ្យសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត។
លោក អ៊ុ រាត្រី បានអានលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ព្រះអង្គ ព្រះរាជ សម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ នៃកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះបិតាទ្រង់បានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។
មុនពេលឡើងសោយរាជ្យព្រះបាទនរោត្តម សីហមុនី ល្បីល្បាញ ដោយស្នាព្រះហស្ថរបស់ទ្រង់ ជាឯកអគ្គរាជទូត វប្បធម៌នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
នាពេលនោះប្រជាពលរដ្ឋគ្រប់រូបនៅខេត្តបន្ទាយមានជ័យ បានចូលរួមអមអរសាទរដ៏វិសេសវិសាលដល់ព្រះមហាក្សត្រ គង់នៅជាម្លប់ត្រជាក់ត្រជុំ ដល់កូនចៅគ្រប់រូប និងមានការអភិវឌ្ឍន៍ប្រទេសជាតិជាច្រើនគ្រប់វិស័យ៕