(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៨ថា អាចនឹងបន្តកើនឡើងក្នុងអាត្រា៦,៩% ដូចឆ្នាំ២០១៧ ដែលធ្វើឲ្យ ផលិតផលក្នុងស្រុក (ផ.ស.ស-GDP) តាមថ្លៃបច្ចុប្បន្នកើនឡើងដល់ ៩៩,១១៦,០៤១លានរៀល ប្រមាណជា ២៤,៥៥២លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១,៥៦៨ដុល្លារអាមេរិក។

យោងតាមរបាយការណ៍សង្ខេបស្តីពីសេចក្តីព្រៀងច្បាប់ថវិកាឆ្នាំ២០១៨ បានបញ្ជាក់ថា «ទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១,៣២៦,៩២៨លានរៀល ឬសមមូលនឹងប្រមណជាង ១៥,២៣៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់៨៩,៥០៩,៤២២លានរៀល ឬសមមូលនឹងប្រមាណជាង ២២,១៧២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ ៩៩,១១៦,០៤១លានរៀល ឬសមមូលនឹងប្រមាណជាង ២៤,៥៥២លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ធៀបនិង ផ.ស.ស ក៏កើនឡើងពី ១,០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១,៤៣៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ប្រមាណ១,៥៦៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨»

យោងតាមរបាយការណ៍ដដែលបានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់នេះ ត្រូវបានទ្រទ្រង់ដោយកំណើននៃវិស័យផ្សេងៗដូចជា៖

ទី១៖ កំណើននៃវិស័យឧស្សាហកម្ម ប្រមាណ៨.៦% ដែលគាំទ្រដោយអនុវិស័យឧស្សាកម្ម មិនមែនកាត់ដេរ ជាពិសេសលើផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិច ម្ហូបអាហារ និងភេសជ្ជៈ ដែលជួយបំពេញបន្ថែមឲ្យការថមថយ នៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់។ ថ្វីត្បិតតែអនុវិស័យសំណង់ មានកំណើនថមថយបន្តិច ប៉ុន្តែកំណើននេះនៅតែខ្ពស់ ដោយសារសំណង់ប្រភេទពាណិជ្ជកម្ម និងការងាកទៅរកសំណង់លំនៅឋាន តម្លៃសមរម្យ ចំណែកឯការថមថយនៃអនុវិស័យកាត់ដេរ គឺបណ្តាលមកពីការកើនឡើងលឿន នៃប្រាក់ឈ្មួលអប្បបរមា ដែលធ្វើឲ្យប៉ះដល់ភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពស្ទាក់ស្ទើរនៃការបញ្ជាទិញ។

ទី២៖ វិស័យសេវាកម្មបន្តកំណើនប្រមាណ៧.៦% ដែលគាំទ្រដោយកំណើនខ្ពស់នៃអនុវិស័យលក់ដុំ-រាយ អនុវិស័យដឹកជញ្ជូន និងទូរគមនាគមន៍ ព្រមទាំងអនុវិស័យសេវាកម្មផ្សេងៗ តាមរយៈការកើនឡើងការប្រើប្រាស់ ក្នុងស្រុកដោយសារការកើនឡើងប្រាក់ឈ្មួលអប្បបរមា និងប្រាក់បៀវត្សរបស់មន្ត្រីរាជការ ស្របនឹងការបន្តគោលនរយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាល ដែលជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ អនុវិស័យអចលនទ្រព្យ នៅតែបន្តកំណើនរឹងមាំស្រប តាមនិន្នាការនៃអនុវិស័យសំណង់ ខណៈដែលអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថាមានកំណើនថមថយបន្តិច។

ទី៣៖ វិស័យកសិកម្មអាចសម្រេច បានកំណើនក្នុងរង្វង់២% ទ្រទ្រង់ដោយអនុវិស័យដំណាំ និងជលផល ដោយសារភាពប្រសើរឡើងនៃ ប្រព័ន្ធស្រោចស្រព និងការរំពឹងទុកលក្ខខណ្ឌ អំណោយផលនៃកត្តាអាកាសធាតុ៕