(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ ដោយមានការណែនាំពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរៀបចំកិច្ចប្រជុំជាមួយ កងកម្លាំងនាយកដ្ឋាន ណែនាំអំពីការត្រៀមលក្ខណៈ ក្នុងការរៀបចំសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ជុំវិញតំបន់ប្រារព្វពិធី។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុគ និងសំពះព្រះខែខាងមុខនេះ លោកឧត្តមសេនីយ៍ សូមអំពាវនាវដល់អ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ត្រូវពាក់មួកសុវត្ថិភាព ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ និងសូមយោគយល់អធ្យាស្រ័យ ក្នុងពេលបើកបរ ពិសេសនៅរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការកកស្ទះ៕