(ភ្នំពេញ)៖ អបអរសាទរ! ទីបំផុតលោក ប្រាក់ សុវណ្ណារ៉ា មានឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញហើយ បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសតែងតាំងលោកជាគ្រូបង្វឹកបណ្ដោះអាសន្ន ពោលគឺមិនមែនលោក Ohara ដែលមន្ដ្រីជាន់ខ្ពស់ម្នាក់បង្ហើបឲ្យដឹង ក្រោយការបញ្ឈប់លោក Leonardo Vitorino កាលពីពេលថ្មីៗកន្លងទៅឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ FFC នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះ។

បន្ទាប់ពីទទួលបានការទុកចិត្ត និងត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងនៅរសៀលនេះថា លោកបានកំណត់កីឡាករ ដែលត្រូវកោះហៅមកប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតខែក្រោយ ពោលគឺនៅថ្ងៃទី២-៣ ខែវិច្ឆិកាខាងមុខ។

យ៉ាងណាមិញ លោកមិនទាន់បង្ហាញឈ្មោះកីឡាករផ្លូវការទាំង ២៥នាក់នោះទេ តែក្នុងនោះដឹងតែមានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ហើយ។

គួរបញ្ជាក់ថា ក្រោយទទួលបានឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាថ្មី ក្នុងនាមគ្រូបង្វឹកបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែលោក ប្រាក់ សុវណ្ណារ៉ា ត្រូវមានភារកិច្ចដឹកនាំក្រុមគោព្រៃកម្ពុជា លេង២ប្រកួតធំៗ ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 បង្គ្រប់កិច្ចពូល C ជំនួសលោក Leonardo Vitorino ដែលត្រូវបានសហព័ន្ធបញ្ឈប់កាលពីពេលថ្មីៗ ពោលគឺត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្ញៀវហ្ស៊កដានី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ និង១ប្រកួតចុងក្រោយទៀត ត្រូវជួបក្រុមម្ចាស់ផ្ទះអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ខាងមុខ៕