(ភ្នំពេញ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បាននិមន្តសួរសុខទុក្ខ និងប្រគេនអំណោយមួយចំនួនដល់អ្នកជំំងឺ កំពុងសម្រាកមន្ទីរពេទ្យ «ជោរៃភ្នំពេញ» ក្នុងនោះមានចំនួន១០០នាក់ ។
កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងក៏ដើម្បីចម្រើនពរដល់ពិធីគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានសង្ឃដីកាថា «នេះជាមហាកិត្តិយសមួយ សម្រាប់ថ្នាក់ដឹកនាំសង្ឃកម្ពុជា និងមន្ទីរពេទ្យ ដែលបានរៀបចំពិធីនេះឡើង ដើម្បីប្រសិទ្ធិពរជ័យ ជូនអ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយ ហើយក៏សូមថ្លែងអំណរគុណ ជូនចំពោះសប្បុរសជន និងព្រះសង្ឃ និងអ្នកចូលរួមទាំងអស់ ចំពោះការចូលរួមនិងឧបត្ថម្ភ សម្រាប់របស់ដែលកើតឡើងដោយមនុស្សធម៌នេះ ពិតជាមានប្រសិទ្ធភាព និងអត្ថន័យណាស់សម្រាប់អ្នកជំំងឺ នៅមន្ទីរពេទ្យជោរៃនេះ»។
លោក ផាន់ សុខា នាយកហិរញ្ញវត្ថុ នៃមន្ទីរពេទ្យជោរៃ បានឲ្យដឹងថា អំណោយដែលចែកជូនទៅអ្នកជំងឺ នៅថ្ងៃនេះមានចំនួន១៥០កញ្ចប់។ ក្នុងនោះ ១០០កញ្ចប់ ជារបស់មន្ទីរពេទ្យ ៥០ កញ្ចប់ជារបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ហើយអំណោយទាំងនោះរួមមាន៖ មីកញ្ចប់ ទឹកក្រូច ទឹកសុទ្ធ និងថវិកា៥ម៉ឺនរៀល។
លោកបន្ថែមថា «ថ្ងៃនេះមន្ទីរពេទ្យយើងខ្ញុំរីករាយបំផុត ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និមន្តមកចែកព្រះរាជអំណោយដល់អ្នកជំងឺ ដែលសម្រាកនិងកំពុងព្យាបាលនៅមន្ទីរពេទ្យជោរៃដោយផ្ទាល់»។
ក្រៅពីចែកជូនអំណោយដល់អ្នកជំងឺ ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជោរៃនេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក៏បានផ្តល់ឱកាសក្នុងការធ្វើពិធីដាំដើមឈើ (និក្រោធ) ជូនដល់មន្ទីរពេទ្យ ដែលនេះអាចឆ្លុះ បង្ហាញពីការយកចិត្តទុកដាក់ ក្នុងការក្នុងការថែរក្សាដើមឈើនៅកម្ពុជាផងដែរ។
សម្រាប់អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ មានវ័យជាង៦០ឆ្នាំ អ្នកស្រី សេក បូរិន ថ្លែង បានឲ្យដឹងថា «ខ្ញុំសូមអរគុណដល់សម្ដេចសង្ឃ ដែលបានមេត្តាធម៌ផ្ដល់អំណោយដល់អ្នកជំងឺទាំងអស់ នៅក្នុងមន្ទីរពេទ្យនេះ ហើយខ្ញុំបួងសួងដល់ ព្រះអង្គឲ្យមានព្រះជន្មយឺនយូរ»។
បើតាម លោក ផាន់ សុខា នេះជាលើកទី២ហើយ ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និមន្តសួរសុខទុក្ខ ប្រគេនអំណោយដល់អ្នកជំំងឺ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ជោរៃភ្នំពេញ។ លោកបញ្ជាក់ទៀតថា «លើកដំបូងព្រះអង្គបានប្រទានដើមឈើ២ដើម ដើម្បីដាំនៅក្នុងមន្ទីរពេទ្យជោរៃនេះ»៕