(ព្រៃវែង)៖ សមាជិកគណបក្សសង្រ្កោះជាតិ មានតួនាទីបច្ចុនប្បន្នជាជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំសរុប៣នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជីវភានយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
យោងតាមលិខិតប្រកាសចូលរួមជាមួយគណបក្សប្រជាជន របស់ពួកគេទាំង៣នាក់ ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ រួមានទី១៖ លោក ទួន សាវ៉ន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រែផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នជាជំទប់ទី២ ឃុំកំពង់ត្របែក, ទី២លោក អ៊ូរ សុភក្តី អាយុ៦០ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកកំពង់ត្របែក របស់គណបក្សសង្គ្រោះជាតិ និងទី៣៖ លោក នួន ណាត អាយុ៦៤ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកកំពងត្របែក របស់គណបក្សសង្គ្រោះជាតិ។
យោងតាមលិខិតខាងលើនេះ ពួកគេទាំង៣នាក់ បានបញ្ជាក់អំពីទង្វើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយប្តេជ្ញាថា នឹងប្រមែប្រមូលគៀងគរកម្លាំង មកគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕