(ភ្នំពេញ)៖ ភាពយន្តខ្នាតធំបែបកំប្លុកកំប្លែង ភ័យរន្ធត់ញាប់ញ័រ របស់ផលិតកម្ម «រស្មីតាន់តាន់» មានចំណងជើងថា «ផ្អើលភូមិ» ត្រូវបានបើកសម្ពោធចាក់បញ្ចាំង តាមបណ្ដារោងភាពយន្តទំនើបនានា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major ផ្សារទំនើប អ៊ីអនម៉ល ដោយមានការអញ្ជើញចូលរួម ពីសំណាក់ផលិតករ, តារាសម្ដែងល្បីៗ និងទស្សនិកជន ជាច្រើននាក់។
លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុន «ពូព្រហ្ម» បានថ្លែងបញ្ជាក់ឲ្យដឹងថា ភាពយន្តខ្នាតធំ រឿង «ផ្អើលភូមិ» នឹងចាប់បញ្ចាំងពីថ្ងៃទី២៧ ខែតុលា ២០១៧នេះ តទៅ រហូតដល់អស់អ្នកទស្សនា។ លោកជឿជាក់ថា ទោះបីជាការដាក់បញ្ចាំង ស្ថិតក្នុងស្ថានភាពមួយ ស្របគ្នានឹងការដាក់បញ្ចាំងភាពយន្តបរទេសក្ដី ប៉ុន្តែភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន ក៏ដូចជាយុវវ័យ។
លោកបន្តថា បើយើងសង្កេតមើលភាពយន្ត កំប្លែងរបស់ខ្មែរកន្លងមក ច្រើនប្រើតួមានអាជីពកំប្លែង ដើម្បីទាញអារម្មណ៍ទស្សនិកជន ឲ្យសើចសប្បាយ ប៉ុន្តែរឿងនេះ មិនបានយកតួមានអាជីពកំប្លែងមកសម្ដែងទេ ពោលគឺជ្រើសរើសតួល្បីធម្មតាៗ ប៉ុន្តែជឿជាក់ថា ពិតជាបង្អើលអារម្មណ៍ទស្សនិកជន តាមរោងភាពយន្ត ឲ្យរន្ធត់ តែស្រាកស្រានចិត្ត និងហួសចិត្តទៅតាមសាច់រឿង និងតួសម្តែង។
លោកបានបន្ថែមថា លើសពីនេះដោយសារភាពយន្តរឿង «ផ្អើលភូមិ» មានចំណុចទាក់ទាញខ្លាំង ជាងរឿងក្នុងស្រុកផ្សេងទៀត ក្រុមហ៊ុននឹងពង្រីកការចែកចាយរបស់ខ្លួន ក្រៅពីរោងភាពយន្តទំនើប ទាំងអស់នៅភ្នំពេញ និងសៀមរាបទៅដល់២តំបន់ទៀត គឺខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែត។ រីឯផលិតកម្ម ក៏នឹងចាក់បញ្ចាំង «ផ្អើលភូមិ» នៅខេត្តបាត់ដំបង កំពង់សោម កោះកុង ក្នុងពេលជាមួយគ្នានេះ ផងដែរ។
សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «ផ្អើលភូមិ» មានការចូលរួមសម្ដែងដោយតារាល្បីៗដូចជា លោក ខាត់ វ៉ៃហាំង ជាតួឯកប្រុស, កញ្ញា ស៊ិន សក្កដា ជាតួឯកស្រី, នាយ ភី ម៉ៃ, នាយ សាយ ចៃ, កញ្ញា ឆុំ វីកាន់ណាដា, លោក ប៉េង វុទ្ធី តារាប្រដាល់ អេ ភូថង និងតារាល្បីៗជាច្រើនទៀត៕