(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមម្នាក់ទៀត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

សមាជិកក្រុមប្រឹក្សារូបនេះ គឺលោក ភឹម ឡាត់ អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច លោក ភឹម ឡាត់ បានបញ្ជាក់ថា «ខ្ញុំបាទស្ម័គ្រចិត្តចូលបម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា ហេតុដូច្នេះ សូមជូនដល់សតំណាងគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម»

សូមបញ្ជាក់ថា កាលពីម្សិលមិញ ក៏មានសមាជិកគណបក្សសង្រ្គោះជាតិចំនួន២រូប តួនាទីជាជំទប់ទី១ នៅស្រុកកងមាស និងស្រុកជើងព្រៃ ក៏បានដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសូមរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

កាលពីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News ទទួលបានលិខិតសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពីសំណាក់ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សសង្គ្រោះជាតិចំនួន៩រូប ដោយពួកគេទាំងអស់ បានប្រកាសចាកចេញពីបក្សរបស់ខ្លួន និងហៅលោក កឹម សុខា ព្រមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ជាជនក្បត់ជាតិទៀតផង។

ថ្នាក់ដឹកនាំ និងសមាជិកមូលដ្ឋានរបស់គណបក្សប្រឆាំង ទាំង៩នាក់ ដែលបង្ហាញការអស់ជំនឿទាំងស្រុង ទៅលើមេដឹកនាំរបស់ខ្លួន រហូតប្រកាសចាកចេញ និងសុំចូលរួមជីវភាពនយោបាយជាមួយ បក្សកាន់អំណាចនោះ រួមមាន៖

ទី១៖ ខេត្តកំពង់ធំចំនួន៣នាក់ (ចៅសង្កាត់ម្នាក់ ជំទប់ទី១ម្នាក់ និងសមាជិកក្រុមប្រឹក្សាម្នាក់) នៅសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន,
ទី២៖ ខេត្តកំពង់ចាមមានចំនួន២នាក់ គឺជំទប់ទី១ ឃុំខ្ចៅ ស្រុកកងមាស​ និងជំទប់ទី១ ឃុំគោករៀង ស្រុកជើងព្រៃ,
ទី៣៖ ខេត្តព្រះវិហារម្នាក់ ជាសមាជិកក្រុមប្រឹក្សាឃុំឆែប១ ស្រុកឆែប,
ទី៤៖ នៅខេត្តត្បូងឃ្មុំមានម្នាក់ គឺសមាជិកក្រុមប្រឹក្សាឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក,
ទី៥៖ នៅខេត្តកំពតមានម្នាក់ គឺជំទប់ទី២ ឃុំតាកែន ស្រុកឈូក ខេត្តកំពត
ទី៦៖ នៅខេត្តបន្ទាយមានជ័យ មានម្នាក់ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននោះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបផងដែរ សម្រេចផ្លាស់ប្តូរជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ, លោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ, លោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងសមាជិកក្រុមប្រឹក្សាក្រុងដូនកែវ ខេត្តតាកែវម្នាក់ផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕