(ភ្នំពេញ)៖ ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦កន្លងមក ទំហំវិនិយោគទុនរបស់ជប៉ុន នៅប្រទេសកម្ពុជា មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង៨០០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផល នៃកិច្ចពិភាក្សាទ្វេរភាគី រវាងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Iwo HORII អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា លើវិស័យទេសចរណ៍ លោកទេសរដ្ឋមន្ដ្រី និងលោកអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការកើនឡើងទំនាក់ទំនងផ្នែកទេសចរណ៍ ពិសេសចាប់តាំងពីការបង្កើតឡើងនូវជើង ហោះហើរត្រង់រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ។
លោកអនុរដ្ឋមន្ដ្រីការបរទេស ក៏បានជំរាបជូន លោកទេសរដ្ឋមន្ដ្រី អំពីការវាយតម្លៃខ្ពស់របស់ជប៉ុន ចំពោះការចូលរួមរបស់កងកម្លាំងមួកខៀវរបស់កម្ពុជា ក្នុងបេសសកកម្មថែរក្សាសន្ដិភាពពិភពលោក ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។
លោកទេសរដ្ឋមន្ដ្រី បានសម្ដែងមោទនភាពរបស់កម្ពុជា ក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួនជាង៤៧០០នាក់ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ ចូលរួមក្នុងបេសកម្មរក្សា សន្ដិភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណ ចំពោះជប៉ុន ដែលកន្លងមកបានផ្ដល់នូវការជួយ បណ្ដុះបណ្ដាលដល់កងកម្លាំងមួកខៀវកម្ពុជា។
ក្នុងនោះផងដែរ លោកទេសរដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ជប៉ុន ដល់ការរៀបចំការបោះឆ្នោត និងការបញ្ជូនអ្នកសង្កេតការណ៍ ជប៉ុនចូលរួម ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កន្លងមក។ លោកអនុរដ្ឋមន្ដ្រីការបរទេស បានជំរាបជូនលោកទេសរដ្ឋមន្ដ្រី ថា ជប៉ុន នឹងបន្ដជួយដល់កម្ពុជាក្នុងការបោះឆ្នោតទូទៅ ឆ្នាំ២០១៨ ខាងមុខនេះទៀត៕