(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប ១៣ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលខ្លឹមសារនៃសារថ្វាយព្រះពរបានទូលថ្វាយថា " ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះមហាសព្ទសាធុការពរជ័យ បវរសួស្ដី សិរីរាជមង្គល មហាប្រសើរ សូមព្រះអង្គស្ដេចមានព្រះពលានុភាពរឹងមាំ ព្រះបញ្ញាភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គស្ដេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាពោធិម្លប់ប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនា ជាភិយ្យោភាពរៀងដរាបអង្វែងតទៅ ។

ខ្ញុំម្ចាស់ សូមថ្វាយព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គស្ដេចបំពេញព្រះរាជបូនីយកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីឧត្ដមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ មានព្រះរាជហឫទ័យប្រកបដោយព្រះគុណធម៌ មនុស្សធម៌ដ៏ថ្លៃថ្លា បានប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា និងជាពិសេស ព្រះអង្គបានយាងចុះជួបផ្ទាល់ប្រាស្រ័យសាកសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្ត្រទីទ័លក្រ មានទុក្ខលំបាករងគ្រោះដោយគ្រោះធម្មជាតិនានា ប្រកបដោយព្រះរាជហឫទ័យ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើឲ្យប្រជារាស្ត្រជា កូន ចៅ ចង់ចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ឧត្ដង្គឧត្ដមថ្លៃថ្លា របស់ព្រះអង្គ ។

ខ្លឹមសារចុងបញ្ចប់ នៃសារថ្វាយព្រះពរ បានទូលថ្វាយថា ខ្ញុំម្ចាស់ សូមបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ តេជបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះវររាជបិតាឯករាជជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូម​ ព្រះមេត្តាអភិបាលគ្រងរក្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គស្ដេចព្រះប្រកបដោយព្រះពុទ្ធពរ​ទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ " ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារថ្វាយព្រះពរ ៖