(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ «សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្តុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨»។ នេះបើតាមការបញ្ជាក់របស់លោក ផៃ ស៉ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្តុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨»។

បើតាមរបាយការណ៍ដែល លោក ផៃ ស៉ីផាន ផ្តល់ដល់អង្គភាព Fresh News ស្តីពីច្បាប់ថវិកា សម្រាប់ឆ្នាំ២០១៨ បានឲ្យដឹងថា ថវិកាឆ្នាំ ២០១៨ ដែលជាឆ្នាំចុងក្រោយ នៃនីតិកាលទី៥នៃរដ្ឋសភា ត្រូវតែជាថវិការយុទ្ធសាស្រ្តនៃការពូនផ្តុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភានៅក្នុងសភាពការណ៍តំបន់ និងពិភពលោក ដែលកាន់តែមានសភាពស្មុគស្មាញ ដើម្បីបន្តរក្សាសន្តិភាព និងស្ថេរភាព ក៏ដូចជាការទ្រទ្រង់នូវដំណើរការ វិវឌ្ឍន៍ឈានឡើងរបស់កម្ពុជា លើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព តទៅមុខឥតឈប់ឈរក្នុងនីតិកាលបន្តបន្ទាប់ទៀត។ ទោះបីល្បឿននៃការកែទម្រង់នេះ នៅមានកម្រិតខុសៗគ្នាក៏ដោយ។ ប្រការនេះ បានបង្កើនការជឿជាក់មកលើសមត្ថភាព ដឹកនាំ និងគ្រប់គ្រងប្រទេសរបស់ រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

តាមរបាយការណ៍ដដែលបានឲ្យដឹងថា ទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១,៣២៦,៩២៨លានរៀល ឬសមមូលនឹងប្រមណជាង ១៥,២៣៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់៨៩,៥០៩,៤២២លានរៀល ឬសមមូលនឹងប្រមាណជាង ២២,១៧២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ ៩៩,១១៦,០៤១លានរៀល ឬសមមូលនឹងប្រមាណ ជាង២៤,៥៥២លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ធៀបនិង ផ.ស.ស ក៏កើនឡើងពី ១,០៤២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១,៤៣៥ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ប្រមាណ១,៥៦៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលអត្រាប្តូរប្រាក់ស្ថិត ក្នុងរង្វង់៤,០៥០រៀល ក្នុងមួយដុល្លារអាមេរិក ហើយអត្រាអតិផរណាជាមធ្យមស្ថិតក្នុងរង្វង់៣% ដែលជាកម្រិតមួយទាប និងអាចគ្រប់គ្រងបាន នៅក្នុងរយៈពេលដូចគ្នា។

ទុនបម្រុងអន្តរជាតិ ក៏បានកើនឡើងពី៣,៦៤៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់៧,៥៣៩លានដុលា្លអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ៧,៨៥៣លានដុលា្លអាមេរិកនៅឆ្នាំ២០១៨។ តុល្យភាពជញ្ជឹងទូទាត់ក៏មានភាពកាន់តែ ប្រសើរឡើងជាលំដាប់ ក្នុងខណៈដែលកម្រិតបំណុលសាធារណៈរបស់កម្ពុជា មានអនុបាតបំណុលទាបបំផុតនៅក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីហានិភ័យទាប និងចីរភាពនៃបំណុលសាធារណៈរបស់កម្ពុជា។ ជាមួយនឹងកំណើនខាងលើនេះ អត្រានៃភាពក្រីក្រដែលបានធ្លាក់ចុះពីប្រមាណ ៥៣.៥%ក្នុងឆ្នាំ២០០៤ មកត្រឹមតែប្រមាណ១៣.៥%ក្នុងឆ្នាំ២០១៤ នោះនឹងបន្តកាន់តែធ្លាក់ចុះមកថែមទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមេគុណជីនីដែលបានធ្លាក់ចុះពី ០.៣៨០ ក្នុងឆ្នាំ២០០៤ មកត្រឹម ០.២៩៥ក្នុងឆ្នាំ២០១៤នោះ ក៏ត្រូវបានរំពឹងថាកាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ។ ប្រការនេះ បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំប៉ុណ្ណោះទេ តែកំណើននេះក៏កាន់តែមានបរិយាប័ន្ន ហើយការបែងចែកផល នៃកំណើនក៏កាន់តែសមធម៌ផងដែរ។

របាយការណ៍បានឲ្យដឹងទៀតថា ការសម្រេចចិត្តទិញយកមកគ្រប់គ្រងវិញនូវគម្រោងផ្លូវ និងស្ពានមួយចំនួនជាបន្តបន្ទាប់ពីវិស័យឯកជន នៅក្នុងក្របខ័ណ្ឌនៃយន្តការភាពជាដៃគូ រវាងរដ្ឋនិងវិស័យឯកជន ក៏បានជួយដោះស្រាយការលំបាក និងជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ក្រៅពីការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសេវាសាធារណៈទាំង តាមរយៈចំណាយុចរន្តថវិកាជាតិ និងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឲ្យការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង និងកាន់តែខិតជិតដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។


បើតាមរបាយការណ៍ ផ្នែកចំណូលយើងសម្រេចបាននូវការបង្កើន ទំហំចំណូលចរន្តថវិការរដ្ឋសរុបពី ៩,១១០,៨៤៨លានរៀល ឬសមមូលនឹង ២,២៦៤លានដុល្លារអាមេរិក ដែលត្រូវជា ១៤.៨៦% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១៦,៤៦៨,៩៩៧លានរៀល ឬសមមូលនឹង ៤,៤០៦លានដុលា្លអាមេរិក ដែលត្រូវជា១៨.៤០%នៃ ផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ១៨,៤០៦,៨១០លានរៀល ឬសមមូលនឹង ៤,៥៦០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨ ដែលត្រូវជា១៨,៥៧% នៃផ.ស.ស ពោលគឺ ចំណូលចរន្តថវិការរដ្ឋ បានកើនឡើងប្រមាណពីរដង។ ប្រការនេះ គូសបញ្ជាក់ថា កម្ពុជាសម្រេចបាននូវកំណើននៃចំណូលប្រមាណជិតមធ្យម១ពិន្ទុភាគរយនៃផ.ស.ស ក្នុងមួយឆ្នាំ ពោលគឺ លើសពីគោលដៅ០.៥០ពិន្ទុភាគរយនៃ ផ.ស.ស ជាមធ្យមប្រចាំឆ្នាំ និងលើសពីកម្រិត១៧.៣៥%នៃផ.ស.ស សម្រាប់គោលដៅឆ្នាំ២០១៨ ដូចដែលមានកំណត់ក្នុង យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨។ ការសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ និងមិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ បាននាំកម្ពុជាដែលធ្លាប់មានចំណូលថវិកាជាតិ ធៀបនឹង ផ.ស.ស ទាបជាងគេក្នុងតំបន់ ឲ្យឡើងដល់កណ្តាលធៀបនឹងគេវិញ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហរិញ្ញវត្ថុអន្តរជាតិដទែទៀត ក៏បានផ្តល់ការវាយតម្លៃខ្ពស់ លើសមិទ្ធិផលនៃការខិតខំប្រឹងប្រែងនេះផងដែរថា មិនធ្លាប់មានពីមុនមក នៅក្នុងបណ្តាប្រទេសក្នុងតំបន់ផងដែរ។


គួរគូសបញ្ជាក់ផងដែរថា សមាមាត្រនៃចំំណូលថវិកា ពីប្រភពហរិញ្ញប្បទានក្រៅប្រទេស ក្នុងចំនែកថិវិកាជាតិបានថយចុះពីប្រមាណជិត៧០%នៅក្នុងឆ្នាំ១៩៩៥ មកត្រឹមតែប្រមាណ២១.៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៧ ហើយនឹងបន្តថយចុះមកទៀតមិនដល់២០%ផងនៅឆ្នាំ២០១៨។ ប្រការនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុន ដែលនេះគឺជាផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង អនុវត្តក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេ នូវវិធានការមុតស្រួចទាំងឡាយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលដែលបាន ចាប់ផ្តើមតាំងពីនីតិកាលមុនមក។

ទន្ទឹមនឹងនេះដែរ ខាងផ្នែកចំណាយវិញ គឺយើងបានបង្កើនទំហំចំណាយថវិការដ្ឋសរុបពី ១៣,៤៧៥,៩២៣លានរៀល ឬសមមូលនឹង ៣,៣៤៨លានដុល្លារអាមេរិក ដែលត្រូវជា២១.៩៧% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ ២១,១៥១,៩៨៥លានរៀល ឬសមមូលនឹង ៥,២៤០លានដុល្លារអាមេរិក ដែលត្រូវជា២៣.៦៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់២៤,៣៧៥,១០២លានរៀល ឬសមមូលនឹង ៦,០៣៨លានដុល្លារអាមេរិក ដែលត្រូវជា២៤.៥៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបថវិការដ្ឋត្រូវបានបង្កើនជិតពីរដង សម្រាប់គាំទ្រដល់ការកែទម្រង់នានា និងសកម្មភាពការងារសំខាន់ៗ ចាំបាច់មួយចំនួនទៀត របស់រាជរដ្ឋាភិបាលដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈ ការអប់រំ សុខាភិបាល ព្រមទាំងការវិនិយោគលើការពង្រឹងការតភ្ជាប់ ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ព្រមទាំងការទ្រទ្រង់កំណើនសេដ្ឋកិច្ចឲ្យសម្រេចបាន៧%។ ជាក់ស្តែង យើងបានបង្កើនចំណាយយ៉ាងច្រើនចំពោះវិស័យ និងក្រសួងអាទិភាពនានា ដោយក្នុងនោះ៖

* ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនពីប្រមាណតែ១,០៨១,៦៦២លានរៀល ឬសមមូលនឹងប្រមាណ២៣៩លានដុលា្លអាមេរិក ដែលត្រូវជា១.៧៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,៧៣៩,៩១៣លានរៀល ឬសមមូលនឹងប្រមាណ ៦៧៩លានដុល្លារអាមេរិក ដែលត្រូវជា៣.០៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយបន្តឡើងដល់ប្រមាណ ៣,៤៣៨,០០៨លានរៀល ឬសមមូលនឹងប្រមាណ ៨៥២លានដុលា្លអាមេរិក ដែលត្រូវជា៣.៤៧% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួង អប់រំ យុវជន និងកីឡាត្រូវបានបង្កើនជាងបីដង។

* ចំណាយសរុបរបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនពីប្រមាណតែ ៨៥៧,៦៨២លានរៀល ឬសមមូលនឹងប្រមាណ ២១៣លានដុលា្លអាមេរិក ដែលត្រូវជា ១,៤០% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៦៩៧,៦១៥ លានរៀល ឬសមមូលនឹងប្រមាណ ៤២១លានដុលា្លអាមេរិក ដែលត្រូវជា ១,៩០% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ១,៩៦៧,៨៥១ លានរៀល ឬសមមូលនឹងប្រមាណ ៤៨៧លានដុលា្លអាមេរិក ដែលត្រូវជា ១.៩៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួងសុខាភិបាលត្រូវបានបង្កើនជិតពីរដងកន្លះ។

* ចំណាយសរុបរបសើវិស័យកសិកម្មទាំងមូល ត្រូវបានបង្កើនពីប្រមាណ ១,២៤៤,៤២៧លានរៀល ឬសមមូលនឹងប្រមាណ ៣០៩លានដុល្លារអាមេរិក ដែលត្រូវជា ២.០៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៤៥៧,៩១៥លានរៀល ឬសមមូលនឹងប្រមាណ ៣៦១លានដុលា្លអាមេរិក ដែលត្រូវជា ១.៦៣%នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ដោយក្នុងនោះ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនពីប្រមាណតែ ១៤៣,៣៤៩លានរៀល ឬសមមូលនឹងប្រមាណ ៣៦លានដុលា្លអាមេរិក ដែលត្រូវជា ០.២៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដលប្រមាណ ៤៣៩,៤៨០លានរៀល ឬសមមូលនឹងប្រមាណ ១០៩លានដុលា្លអាមេរិក ដែលត្រូវជា ០.៤៩% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយទំហំចំណាយនេះនៅឆ្នាំ២០១៨ នឹងនៅបន្តស្ថិតក្នុងកម្រិតប្រហាក់ប្រហែល នឹងឆ្នាំ២០១៧ ពោលគឺ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនជិតបីដង។

ក្រៅពីការបង្កើនទំហំនៃចំណាយ យើងក៏បានខិតខំបង្កើនគុណភាព ចំណាយថែមទៀតតាមរយៈការបន្តបង្កើនប្រសិទ្ធិភាពនៃការវិភាគថវិកា និងការលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និង បចេ្ចកទេស ដោយបានធ្វើឲ្យកម្រិតការចាយ ក្នុងទំហំទឹកប្រាក់ដដែល តែទទួលបាននូវទំនិញ សេវា និងសំណង់ ក្នុងបរិមាណច្រើនជាងមុន គុណភាពល្អជាងមុន និងតម្រង់ចំណាយឲ្យកាន់តែចំទិសដៅ និងអាទិភាពជាងមុន។ លើសពីនេះ យើងក៏សម្រេចបាននូវអតិរេកថវិកាចរន្ត ជាប់ជាប្រចាំនៅក្នុងឆ្នាំថវិកានីមួយៗ សម្រាប់យកទៅបង្កើនការវិនិយោគសាធារណៈ។

ជាក់ស្តែង ចំណាយវិនិយោគផ្ទាល់ដោយហរិញ្ញប្បទាន ក្នុងប្រទេសត្រូវបានបង្កើនពីប្រមាណតែ ១,២៥៩,៧៩៣លានរៀល ឬសមមូលនឹងប្រមាណ៣១៣លានដុលា្លអាមេរិក ដែលត្រូវជា ២.០៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,១៨៣,៧០០លានរៀល ឬសមមូលនឹងប្រមាណ ៥៤១លានដុលា្លអាមេរិក ដែលត្រូវជា ២.៤៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ២,៩២៥,៨០០លានរៀល ឬសមមូលនឹងប្រមាណ ៧២៥លានដុល្លារអាមេរិក ដែលត្រូវជា ២.៩៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយវិនិយោគផ្ទាល់ ដោយហិរញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនជិតពីរដងកន្លះ។

ប្រការនេះគីជាឆ្លុះបញ្ចាំងពីសមត្ថភាព និងឯករាជ្យភាពខាងថវិការបស់កម្ពុជា និងលទ្ធផលនៃការប្រកាន់ខ្ជាប់នូវវិន័យថវិកា និងនិយាមថវិកា ព្រមទាំងបានផ្តល់លទ្ធភាព ដល់ការបង្កើនប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល សម្រាប់ត្រៀមទប់ទល់បញ្ហាប្រឈម វិបត្តិកលិយុគ និង ហានិភ័យផ្សេងៗដែលអាចកើត មានឡើងជាយថាហេតុ។ ជាមួយគ្នាផងដែរ ក្រៅពីបានដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំ ដែលជាអាទិភាពសំខាន់បំផុត របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅជាង១លានរៀលនៅឆ្នាំ២០១៨ និបានបើកប្រាក់បៀវត្សទាន់ពេលវេលា ក្នុងសប្តាហ៍ទី៤នៃខែនីមួយៗ តាមប្រព័ន្ធធនាគារ រាជរដ្ឋាភិបាលក៏បានផ្តោត ការលើកទឹកចិត្ត និងមធ្យោបាយមួយចំនួនទៀត តាមរយៈការអនុវត្តនូវគោលនយោបាយផ្តោត ការយកចិត្តទុកដាក់ដល់ធនធានមនុស្ស និងការផ្ទេរថវិកាឲ្យដល់អង្គភាព ដែលអនុវត្តការងារផ្ទាល់ បន្ថែមពីលើអត្ថប្រយោជន៍ ខាងហរិញ្ញវត្ថុមួយចំនួនទៀត ដូចជា៖ ការដំឡើងរបបប្រាក់បេសកម្ម និងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាដើម។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ក៏បានបង្កើនប្រាក់សោធននិវត្តន៍ និងរបបតាវកាលិកផ្សេងៗទៀត ជូននិវត្តជនជាបន្តបន្ទាប់ផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ផ្ទាល់ របស់រដ្ឋក្នុងគោលដៅសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដូចជាកិច្ចអន្តរាគមន៍របស់រដ្ឋនៅក្នុងការប្រមូលទិញស្រូវបីកសិករ ដើម្បីទ្រទ្រង់ថ្លៃស្រូវកុំឲ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារខ្លាំងពេក ដោយមិនសមហេតុផលជាដើម៕