(ភ្នំពេញ)៖ លោក Iwo HORII អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ឲ្យដឹងថា ជប៉ុន នឹងបើកស្ថានកុងស៊ុល របស់ជប៉ុនប្រចាំនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹងបន្ដយកចិត្ដទុកដាក់ពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ដ្ររវាងជប៉ុន-កម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផល នៃកិច្ចពិភាក្សាទ្វេភាគី រវាងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Iwo HORII អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា លោកអនុរដ្ឋមន្ដ្រីការបរទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ពិសេស គឺការផ្លាស់ប្ដូរការគាំទ្រទៅវិញទៅមក នៅលើវេទិកាតំបន់ និងវេទិកាអន្ដរជាតិជាច្រើន។

លោកអនុរដ្ឋមន្ដ្រីការបរទេស ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៅកម្ពុជាបច្ចប្បន្ន និងបានអះអាងជូនលោកទេសរដ្ឋមន្ដ្រីថា រដ្ឋាភិបាលជប៉ុន នឹងបន្ដផ្ដល់ជំនួយឧបត្ថម្ភដល់កម្ពុជា ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។

ជាមួយគ្នានោះដែរ លោក Iwo HORII បានជម្រាបជូន លោកទេសរដ្ឋមន្ដ្រី អំពីការគិតគូររបស់រដ្ឋាភិបាលជប៉ុន ក្នុងការជួយដល់កម្ពុជា លើកការកែទម្រង់គ្រប់វិស័យ ពិសេសការបង្កើនសមត្ថភាពរបស់កំពង់ផែ ក្រុងព្រះសីហនុ ដើម្បីឆ្លើយតប នឹងការទាក់ទាញក្រុមហ៊ុនរបស់ជប៉ុន ឲ្យមកធ្វើវិនិយោគទុនកម្ពុជា ហើយនឹងការដោះស្រាយបញ្ហាចរាចរណ៍នៅទីក្រុងភ្នំពេញ ដែលលោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនបានចាប់ផ្ដើមធ្វើការសិក្សាអំពីគម្រោងបង្កើតរថភ្លើងធុនស្រាលលើអាកាស នៅទីក្រុងភំ្នពេញ ដើម្បីជួយដោះស្រាយបញ្ហាការ កកស្ទះចរាចរណ៍។

លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌភាព ជាដៃគូយុទ្ធសាស្ដ្ររវាងប្រទេសទាំងពីរ។ លោកទេសរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវការគាំទ្រដ៏សកម្មចំពោះកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងលើវេទិកាអន្ដរជាតិ៕