(ភ្នំពេញ)៖ ក្រុមហ៊ុន អេសស៊ីជី (SCG) ជាសាជីវកម្មឈានមុខគេមួយ នៅក្នុងតំបន់អាស៊ានបានបរិច្ចាគទឹកប្រាក់ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅក្នុងពិធីដែលបានរៀបចំ នៅរាជធានីភ្នំពេញ ដែលការបរិច្ចាគនេះគឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ២០១៧ ហើយនេះក៏ជាការប្ដេជ្ញាចិត្តមួយផ្នែក របស់ក្រុមហ៊ុន ក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ នៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅក្នុងពិធីនោះ មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ប្រារ៉ាម៉េត ភីមផាប៊ូត (Praramate Pimpaboote) ប្រធានរោងចក្រកំពតស៊ីមេន ខូ អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ អេសស៊ីជី។ ការបរិច្ចាគនោះគឺមានទំហំទឹកប្រាក់ប្រមាណ ២៨០,០០០,០០០ រៀល (៧០,០០០ ដុល្លារសហរដ្ឋអាមេរិក) ដែលបានមកពីការលក់សំបុត្រ និងអាវយឺតអំឡុងពេលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ SCG Muangthong United និងក្រុមចម្រុះកម្ពុជា K-Cement Cambodian All Stars កាលពីខែកក្កដា កន្លងទៅនេះ។
នៅក្នុងពិធីប្រគល់នោះ លោក សៅ សុខា បានកោតសរសើរដល់ក្រុមហ៊ុន SCG សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ហើយបានមានប្រសាសន៍ថា ទឹកប្រាក់នេះនឹងរួមចំណែកដល់ការអភិវឌ្ឍន៍កីឡាបាល់ទាត់កម្ពុជាផងដែរ។ លោកបន្ដថា ថវិកានេះ នឹងត្រូវបានយកទៅប្រើប្រាស់នៅក្នុងគម្រោង «សាលាបាល់ទាត់ថ្នាល» ទូទាំងប្រទេសកម្ពុជា ដែលគ្រោងចំណាយទឹកប្រាក់ខ្ទង់លានដុល្លារ។ តាមរយៈការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងតាមរយៈប្រាក់ជំនួយឧបត្ថម្ភនានា គម្រោងនេះមានបំណងបង្កើតទីលានបាល់ទាត់ នៅតាមសាលារៀន ក៏ដូចជាផ្ដល់ប្រាក់បៀវត្សរ៍ដល់គ្រូបង្វឹក និងបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលទូទាំងប្រទេស ហើយគម្រោងនេះបានចាប់ផ្ដើមនៅ ដើមឆ្នាំ ២០១៧ នឹងគ្រោងដំណើរការរយៈពេលពីរឆ្នាំ។
លោកបន្ថែមថា «ខ្ញុំក្នុងនាម សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមកីឡាករ ក្នុងនាមអ្នកគាំទ្រកីឡគាបាល់ទាត់ និយាយដោយខ្លីក្នុងនាមមហាគ្រួសារបាល់ទាត់ ខ្ញុំពិតជាមានការសប្បាយរីករាយ ជាមួយនឹងការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន SCG …ការឧបត្ថម្ភនេះ គឺសម្រាប់សាលាកីឡាបាល់ទាត់ដែលយើងសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាអភិវឌ្ឍនៅទាំង២៥ រាជធានី-ខេត្ត»។
លោក ប្រារ៉ាម៉េត ភីមផាប៊ូត បានអបអរសាទរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលនានា ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនទៅមុខ ជាពិសេសតាមរយៈជោគជ័យនាពេលកន្លងមកនៅលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា ទឹកប្រាក់បរិច្ចាគនេះនឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត។
លោក ប្រារ៉ាម៉េត ភីមផាប៊ូត បានថ្លែងថា «ដោយមើលឃើញថា កីឡាបាល់ទាត់គឺជាគន្លឹះសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍យុវជននៅកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុន អេសស៊ីជី មានមោទនភាពក្នុងការសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីជួយអភិវឌ្ឍដល់កីឡានេះ ។ ហើយការបរិច្ចាគនាថ្ងៃនេះ ជាសក្ខីកម្មមួយទៀត ដែលបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់យើង ក្នុងការជួយអភិវឌ្ឍន៍កីឡាបាល់ទាត់។ ខណៈដែលកីឡានេះចេះតែមានការពេញនិយមកាន់តែខ្លាំង ហើយយុវជនកាន់តែច្រើនឡើង កំពុងតែងាកមកលេងផង ដូច្នេះយើងសង្ឃឹមថា នឹងមើលឃើញកីឡាករកម្ពុជាខ្លាំងៗទៅថ្ងៃអនាគត»។
ជាផ្នែកមួយនៃគម្រោងគាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជាផងដែរនោះ ក្រុមហ៊ុនអេសស៊ីជី បានរៀបចំនូវការប្រកួតបាល់ទាត់មិត្តភាពជាហូរហែររវាងក្លឹបបាល់ទាត់ SCG Muangthong United និងក្រុមកីឡាករបាល់ទាត់ចម្រុះកម្ពុជា K-Cement Cambodian All Stars។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនអេសស៊ីជី ក៏កំពុងសហការជាមួយនឹងក្លឹបបាល់ទាត់អាជីពមួយនៅកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហាត់បាល់ទាត់សម្រាប់យុវជនកម្ពុជានៅតាមបណ្ដារខេត្តមួយចំនួន ក៏ដូចជារាជធានីភ្នំពេញ តាមរយៈគម្រោង «Kick and Share by SCG» ។ក្នុងគម្រោងនេះ កុមារ និងយុវជនមានឱកាសបានរៀននូវជំនាញត្រឹមត្រូវក្នុងការលេងបាល់ទាត់ ជាមួយនឹងគ្រូបង្វឹកចំណានៗ និងកីឡាករបាល់ទាត់អាជីព ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់របស់ខ្លួន៕