(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជាប្រមាណ១០០នាក់ នៅអគារស្នាក់ការកណ្តាល ប.ស.ស ក្រោមអធិបតីភាពលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយក ប.ស.ស។

ថ្លែងក្នុងកិច្ចបើកកម្មវិធី លោកនាយក អ៊ុក សមវិទ្យា បានឲ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពបន្ថែមទៀតដល់សិក្ខាកាម លើប្រធានបទគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដើម្បីយកទៅផ្សព្វផ្សាយអប់រំបន្តដល់កម្មករនិយោជិត ដែលកំពុងបម្រើការងារនៅតាមរោងចក្រទូទាំងរាជធានី-ខេត្ត។

ប្រធានបទធំៗសំខាន់ចំនួន៤ ដែលត្រូវបានចែករំលែកដល់សិក្ខាកាម រួមមាន៖ ១.លក្ខខណ្ឌការងារ ២.លក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ ៣.អត្ថប្រយោជន៍របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ៤.នីតិវិធីដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា។

លោកនាយក ប.ស.ស បានលើកឡើងពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករថ្មីៗនេះ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ បានរៀបចំប្រកាសអន្តរក្រសួង លេខ៤០៤ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន និងសេចក្តីជូនដំណឹង លេខ ៣០៧ ក.ប/ស.ជ.ណ. ប.ស.ស ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្តីពីការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបានការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន ដែលនឹងដំណើរការនៅខែមករា ឆ្នាំ២០១៨។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងអាចយកចំណេះដឹង ដែលខ្លួនទទួលបានទៅផ្សព្វផ្សាយបន្តដល់សហជីពមូលដ្ឋានកម្មករនិយោជិត នៅតាមបណ្តាលរោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីបានយល់ច្បាស់ពីលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដែលរដ្ឋគាំពារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុវត្ថិភាព និងសុខភាពកម្មករនិយោជិត៕