(ព្រះវិហារ)៖ លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បាននាំយកអាវរងាជាង៨ពាន់អាវ ទៅចែកជូនកងទ័ពដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងកងកម្លាំងទាំង៣ប្រភេទ នៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ខណៈដែលរដូវរងាបាននិងកំពុងឈានមកដល់ នាពេលខាងមុខដ៏ខ្លីនេះ។

កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ហ៊ុន ម៉ាណែត ក៏បាននាំយកអាវរងាជាង៨ពាន់អាវទៅចែកជូនកងទ័ពឈរជើងការពារព្រំដែន នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យផងដែរ។

យុទ្ធនាការនាំយកអាវរងាចែកជូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធខាងលើនេះ គឺជាសកម្មភាពជាប្រចាំដែលបានចាត់ចែងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នោះជាការបង្ហាញយ៉ាងច្បាស់ថា លោកទាំង២បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ទៅជីវភាពរស់នៅ និងការឈរជើងរបស់កងទ័ព តាមបណ្ដោយព្រំដែន ក៏ដូចជា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ពិធីចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ខាងលើនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទី បញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៃកងពលធំអន្ដរាគមន៍លេខ៣ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ សម្រាប់អាវរងានឹងត្រូវចែកជូនកងពលតូចអន្ដរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ នគរបាលការពារព្រំដែន និងកងកម្លាំងទាំង៣ប្រភេទ របស់ខេត្តព្រះវិហារ។ ពិធីចែកអាវរងាខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំយោធា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនអ្នកផ្សេងទៀត។

នៅចំពោះមុខកងកម្លាំងយោធារាប់ពាន់នាក់ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពចំពោះមេបញ្ជាការ និងកងទ័ពនៅតាមអង្គភាពនីមួយៗ ដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិ របស់អ្នកនយោបាយ ដែលប៉ង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន។

ក្នុងពេលនាំអាវរងាទៅចែកកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ទៅលើជីវភាពកងទ័ពពីសំណាក់សម្តេចទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅ និងតែងជំរុញដោះស្រាយរាល់បញ្ហារបស់បងប្អូន កងទ័ពរបស់យើង។ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ជូនបងប្អូនកងទ័ពយើងជារៀងរាល់ឆ្នាំហើយនោះ សម្តេចក៏តែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងផ្តល់អាវរងានៅរដូវរងា»

ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព ហើយលោក ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញពីការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនបះបោរទាំងឡាយមកបំផ្លាញនោះឡើយ។

លោកបានបន្តលើកឡើងថា សុខសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺរកមកបានដោយលំបាក និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការ ពារសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត និងបានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានប្តេជ្ញាខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងជាមួយទង្វើក្បត់ទាំងឡាយណា​ ដែលអាចនាំមកនូវការបំផ្លាញសុខសន្តិភាព ស្ថេរភាពរបស់ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបកស្រាយបំភ្លឺទៅជនអគតិ ក៏ដូចជាក្រុមប្រឆាំងមួយចំនួន ដែលតែងចោទមកលើរូបលោក ពិសេសសម្តេចតេជោ ហ៊ុន សែន ថា យកថវិការជាតិ មកចាយខ្ជះខ្ជាយដើម្បីទិញទឹកចិត្តកងទ័ព ត្រង់ចំណុចនេះលោក ម៉ាណែត បានឆ្លើយតបទៅវិញថា អំណោយដែលយកមកចែកជូនបងប្អូនកងទ័ពនេះ គឺជាអំណយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ដែលមានការឧបត្ថម្ភមកពីសប្បុរសជននានា មិនមែនជាថវិការជាតិនោះទេ៕