(បន្ទាយមានជ័យ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ លោក សាន់ អែលម៉ាត់ អាយុ ៥៥ឆ្នាំ បានចេញមុខមកអះអាងថា រូបលោកពិតជាបានផ្លាស់ប្តូរជីវភាពនយោបាយដោយចេញពីគណបក្សសង្រ្គោះជាតិ (CNRP) ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ពិតប្រាកដមែន ដើម្បីចូលរួមបម្រើជាតិ និងប្រជាពលរដ្ឋ។

នៅក្នុងវីដេអូឃ្លីបខ្លីមួយដែលថតនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ លោក សាន់ អែលម៉ាត់ បានអះអាងថា លោកធ្វើការងារបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់គណបក្សនយោបាយនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ លោក សាន់ អែលម៉ាត់ បានធ្វើលិខិតសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីរូបលោកអស់ជំនឿទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីតែអំណាចមិនគិតពីមហន្ដរាយជាតិមាតុភូមិ។

ក្នុងលិខិតរបស់លោក សាន់ អែលម៉ាត់ បានសង្កត់ធ្ងន់ថា៖ «ពីមុនខ្ញុំនឹកស្មានថា ការតស៊ូដណ្ដើមអំណាច តាមរយៈការបោះឆ្នោត និងតាមបែបប្រជាធិបតេយ្យពិតប្រាកដ ប៉ុន្ដែក្រោយពីខ្ញុំបានឃើញឃ្លីប Video និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែកបំបាក់ខ្មែរជាពីរ​។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិសុខចិត្តឱនក្បាលបម្រើបរទេស ដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិមាតុភូមិ នេះហើយជាអំពើក្បត់ជាតិ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចស្វាគមន៍ទាំងអស់ចំពោះការចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវបន្តទៀត ប្រសិនបើតំណាងរាស្រ្ត មេឃុំ ចៅសង្កាត់ ឬសមាជិកគណបក្សសង្រ្គោះជាតិ ដែលមានបំណងចុះចូល គឺគណបក្សប្រជាជនកម្ពុជាស្វាគមន៍ទាំងអស់ និងបន្តរក្សាតំណែង តួនាទីជូនដល់មេឃុំ ចៅសង្កាត់ ឬជំទប់ដែលបានចុះចូល។

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិត ជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ បានប្រកាសឲ្យដឹងថា នៅពេលគណបក្សសង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្រ្គោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕