Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពាក្យមួយឃ្លានេះសោះ ដែលជំរុញឲ្យ U19 កម្ពុជាវាយបកឈ្នះមីយ៉ាន់ម៉ា ៣-២ យប់មិញ!

27-10-2017 07:57

(ភ្នំពេញ)៖ លោក Inoue Kazunori គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា ថ្លែងក្រោយចប់ការប្រកួតថា លោកមានអារម្មណ៍តានតឹងយ៉ាងខ្លាំង នៅពេលក្រុម U19 មីយ៉ាន់ម៉ានាំមុខ ២-០ ប៉ុន្ដែលោកមិនបានបន្ទោស ឬបន្ថែមបច្ចេកទេស និងយុទ្ធសាស្ដ្រអ្វីដល់កូនក្រុម ដើម្បីត្រៀមប្រកួតតង់ទី២ នោះទេ ផ្ទុយទៅវិញ លោកបាននិយាយពាក្យមួយឃ្លាប៉ុណ្ណោះ គឺអ្នកទាំងអស់ កំពុងលេងតំណាងឲ្យជាតិ ដែលពាក្យនេះហើយ បានជំរុញឲ្យកូនលេងពោពេញដោយឆន្ទៈ រហូតបានវាយបកយកឈ្នះក្រុមខ្លាំងមីយ៉ាន់ម៉ា ៣-២ តែម្ដង។

គ្រូជប៉ុនរូបនេះ បាននិយាយថា «ខ្ញុំអត់មាននិយាយរឿងបច្ចេកទេសទៅកូនក្រុមទេ។ អ្វីដែលខ្ញុំប្រាប់ទៅកីឡាករ មុនតង់ទី២ ចាប់ផ្ដើម គឺអ្នកទាំងអស់គ្នា កំពុងលេងតំណាងឲ្យជាតិ។ មានន័យថា ប្រសិនបើយើងជាកីឡាករតំណាងឲ្យជាតិ យើងឈ្នះ គឺជាតិយើងទាំងមូលឈ្នះ តែប្រសិនបើយើងចាញ់ គឺគេនៅតែថា យើងអន់ដដែល ខ្ញុំនិយាយតែប៉ុណ្ណោះ អត់មាននិយាយរឿងបច្ចេកទេសទេ ហើយថ្ងៃនេះ ជាក់ស្ដែង គឺពួកគាត់ពិតជាធ្វើបានល្អ ដោយតង់ទី២ ពួកគេបានបង្ហាញការលេង ដើម្បីឲ្យជាតិសុទ្ធសាធ ដូច្នេះហើយទើបធ្វើឲ្យតង់ទី២ ផ្លាស់ប្ដូរស្ថានភាពទាំងស្រុង»

សម្រាប់បញ្ជាប់ថា បច្ចុប្បន្នក្រុមគោព្រៃជំទង់កម្ពុជា កំពុងឈរលេខ២ ហើយ ៣ពិន្ទុយប់មិញ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា មានឱកាសជាថ្មី នៅក្នុងការស្វែងរកកៅអីវគ្គបន្ដ ប្រសិនបើជំនួបចុងក្រោយជាមួយក្រុម U19 ហ្វីលីពីន កម្ពុជាបន្ដទទួលបានជ័យជម្នះ ហើយជំនួបក្រុមខ្លាំង U19 ចិន និងមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែតុលាដូចគ្នាស្អែកនេះ ស្មើគ្នា ព្រោះពេលនេះក្រុម U19 ចិន កំពុងឈរកំពូលតារាងមាន ៦ពិន្ទុ ហើយក្រុម U19 មីយ៉ាន់ម៉ាមាន ៣ពិន្ទុស្មើកម្ពុជាដែរ៕