(ភ្នំពេញ)៖ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ U19 កម្ពុជា វាយបកយកឈ្នះយកឈ្នះ ៣-២ កាលពីយប់មិញ គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំមីយ៉ាន់ម៉ា លោក Chit Naing បានលើកឡើងថា ក្រុមគោព្រៃជំទង់កម្ពុជា មានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះក្រុម U19 ហ្វីលីពីន នាការប្រកួតចុងក្រោយក្នុងពូលG នៃវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2018 ។
លោក Chit Naing បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា ក្រុមយុវជន U19 កម្ពុជាពិតជាធ្វើបានល្អ ដែលអាចវាយបកបាន ៣គ្រាប់នៅតង់ទី២ ដើម្បីយកឈ្នះលើក្រុមខ្លួន ទោះបីមីយ៉ាន់ម៉ា បាននាំមុខ ២-០ នៅតង់ទី១ ក៏ដោយ ។ ហេតុផលនេះ លោកជឿជាក់ថា គូប្រកួតចុងក្រោយរបស់កម្ពុជា គឺក្រុម U19 ហ្វីលីពីន មិនមែនជាដៃគូរបស់កម្ពុជានោះទេ ស្របពេលមីយ៉ាន់ធ្លាប់បានបំបាក់ហ្វីលីពីន ៦-០ រួចមកហើយ ។
លោកនិយាយថា «បើប្រៀបធៀបកម្ពុជា និងហ្វីលីពីន គឺកម្ពុជាមានកម្រិតលើជាង ហើយកម្ពុជា អាចនឹងយកឈ្នះហ្វីលីពីនប្រហែល ៤ ទៅ ៥គ្រាប់ ដោយសំអាងលើកត្ដា ៤យ៉ាង ទី១៖ កីឡាករកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការប្រយុទ្ធ ទី២៖ ការងារជាក្រុមរបស់កម្ពុជា គឺពិតជាល្អ ទី៣៖ បច្ចេកទេសលេងរបស់កីឡាករម្នាក់ៗ ក៏ល្អ និងទី៤ កីឡាករកម្ពុជា បានបង្កើតឱកាសស៊ុតច្រើន ហេតុនេះពួកគេមានសង្ឃឹមច្រើនក្នុងការយកឈ្នះហ្វីលីពីន» ។
ប៉ុន្ដែលោក Inoue Kazunori គ្រូបង្វឹកក្រុម U19 កម្ពុជា មិនបានឯកភាព ១០០% តាមការលើកឡើងរបស់គ្រូបង្វឹកក្រុម U19 មីយ៉ាន់ម៉ាខាងលើនោះទេ ព្រោះលោកមើលឃើញពីគុណភាពខ្សែការពាររបស់ហ្វីលីពីន ក៏ល្អមិនធម្មតាដែរ ហេតុនការស្វែងរកជ័យជម្នះ មិនមែនជារឿងងាយស្រួលនោះទេ ។ តែលោកបានប្ដេជ្ញាចិត្តថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីបន្ដយកជ័យជម្នះជូនប្រទេសកម្ពុជាឲ្យបាន៕