(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសស្រាល៥៣នាក់ និងរបួសធ្ងន់៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១១គ្រឿង រថយន្តតូច៣គ្រឿង, អ្នកថ្មើជើងម្នាក់ និងរយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ,មិនប្រកាន់ស្ដាំ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៨៨លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨៤នាក់ របួសធ្ងន់ចំនួន១៧០នាក់ និងរបួសស្រាលចំនួន៧៣នាក់៕