សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកោះសំរោង ស្រុកកំពង់សៀម និងប្រលែងកូនត្រីជាង១០០គីឡូក្រាម
26-10-2017 22:09
(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានចាត់បញ្ជាលោកអធិការស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍កោះសំរោង សហការជាមួយសមត្ថកិច្ចជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអូរស្រូវ ភូមិទី៨ ឃុំកោះសំរោង។
បើតាមលោកស្នងការ ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង (សៃ) ចំនួន២១មាត់, ព្រួលរនាំង ប្រវែង៥២៥ម៉ែត្រ, បង្គោលឬស្សី ចំនួន២៩៤ដើម, ចាក់លែងកូនត្រីចម្រុះ ចំនួន១៥៨គីឡូក្រាម។
លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ក្រោយប្រតិបត្តិការសម្ភារៈវត្ថុតាងដែលប្រមូលបាននោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕