(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំប្រជុំផ្សព្វផ្សាយពីឧបាយកល និងផែកការបដិវត្តន៍ពណ៌ ដល់ថ្នាក់ដឹកនាំដែលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ ដែលបានរៀបចំឡើយ ដោយក្រុមគណបក្សប្រឆាំងនៅកម្ពុជា ដោយទទួលបានណែនាំ និងបញ្ជាពីមហាអំណាចអាមេរិក។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ក៏បានប្រកាសគោលជំហរថា គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ឆន្ទះរាស្ដ្រ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
ការប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី កម្លាំងនគរបាលបានចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយធ្លាយនូវវីដេអូដែលបាននិយាយអះអាងថា សហរដ្ឋអាមេរិក បានហៅខ្លួននៅណែនាំ និងបង្រៀនពីការផ្លាស់ប្ដូរ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបប៊ី។
ព្រមពេលជាមួយគ្នានេះ ថ្មីៗនេះក៏បានលេចធ្លាយនូវវីដេអូមួយទៀត ដែលនិយាយដោយទណ្ឌិត សម រង្ស៊ី បានបោះបោរឲ្យកងកម្លាំងប្រដាប់អាវុធបង្វែកាណុង មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន ហើយបើមានសភាពការណ៍អ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំភ្លាមៗផងដែរ៕