(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ នៅតែបន្តពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជាដែលងាយរងគ្រោះ និងក្រីក្រនៅតាមខេត្តផ្សេងៗ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ខារីន សាលឺណូ (Carin Salerno) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីពិភាក្សាការងារអំពីគម្រោងរួមគ្នារវាងអង្គការ សហប្រជាជាតិ ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងផ្តល់ឱកាសការងារទៅដល់យុវជន ដែលគម្រោងនេះ ភាគីស្វីសជាអ្នកផ្តល់ហិរញ្ញប្បទាន។
លោកស្រី ខារីន សាលឺណូ បានលើកឡើងថា រដ្ឋាភិបាលស្វីសនឹងពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនងាយរងគ្រោះ និងក្រីក្រនៅតាមខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជា ដើម្បីឲ្យយុវជនទាំងនោះទទួលបានឱកាសការងារសមរម្យនៅក្នុងសង្គម។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ជំនាញដល់យុវជនងាយរងគ្រោះ និងក្រីក្រកម្ពុជានៅខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តព្រះវិហារ ដោយបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ជួលជុលគ្រឿងយន្ត កសិកម្ម កែសម្ជស្ស និងជំនាញផ្នែកសំអាងការ។ ថ្មីៗនេះ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឱកាសការងារយុវជន។
លោកបណ្ឌិត អ៉ិត សំហេង បានបន្តថា ក្រៅពីជួយលើការងារបណ្តុះបណ្តាល រដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសប្រតិបត្តិការបានជួយគាំទ្រចំពោះការអនុវត្តគោលនយោបាយជាតិ ស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូច្នេះគម្រោងទាំងអស់នេះ ពិតជាបានផ្តល់វឌ្ឍនភាព និងផ្តល់ឱកាសច្រើនទៅដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលបាត់បង់ឱកាស ដែលរស់នៅតំបន់ដាច់ស្រយាល ឬក៏ខេត្តឆ្ងាយៗអាចទទួលបានឱកាសថ្មីឡើងវិញ តាមរយៈការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងនូវមោទនភាពចំពោះភាពជាដែគូ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ព្រមទាំងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការចូលរួមរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមជួយដល់ ការផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តនូវគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការចូលរួមនៅក្នុងគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងការរៀបចំឱ្យមាន យន្តការភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដែលជាយន្តការដ៏មានសារៈសំខាន់ ក្នុងការជួយជំរុញដល់ការអនុវត្តប្រកប ដោយជោគជ័យនូវគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម៕