(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានប្រាប់ទៅកម្លាំងនគរបាលជំនាញរបស់លោក ឲ្យពង្រឹងការយកចិត្ដទុកដាក់ ដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ បណ្ដែតប្រទីត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវបានលោកឧត្តមសេនីយឯក សុខ ខេមរិន បញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌរបស់ចំនួន៥០០នាក់ ដែលនឹងត្រូវដាក់ពង្រាយ ដើម្បីការពារផងដែរ ក្នុងចំណោមកម្លាំងចម្រុះជាង១ម៉ឺននាក់។
ក្នុងការប្រជុំជួរផ្សព្វផ្សាយណែនាំ ដល់កងកម្លាំងដែលនឹងត្រូវបានដាក់ពង្រាយ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានផ្សព្វផ្សាយពីឧបាយកល និងផែកការបដិវត្តន៍ពណ៌ ដល់ថ្នាក់ដឹកនាំនគរបាលព្រហ្មទណ្ឌទាំងអស់ ដែលបានរៀបចំឡើយ ដោយក្រុមគណបក្សប្រឆាំងនៅកម្ពុជា ដោយទទួលបានណែនាំ និងបញ្ជាពីមហាអំណាចអាមេរិក។
លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន បានប្រាប់ទៅកាន់កងកម្លាំងនគរបាលព្រហ្មទណ្ឌទាំងអស់ ត្រូវក្ដោបក្ដាប់សភាពការណ៍ នៅតាមមូលដ្ឋានរបស់ខ្លួន ហើយបើមានសភាពការណ៍អ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំភ្លាមៗផងដែរ ដើម្បីមានវិធានការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេល។
សូមជម្រាបផងដែរថា មុនពេលប្រជុំជួរណែនាំនេះ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ក៏បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន AOXN ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់កងកម្លាំងនគរបាលប្រើប្រាស់ ដើម្បីបង្ក្រាបបទល្មើស។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនក៏បានលើកយកអាវុធខ្លីទំនើប ដែលប្រើប្រាស់ចរន្ដអគ្គិសនី ដើម្បីបាញ់ទៅលើជនល្មើស មកជម្រាបជូនលោកឧត្តមសេនីយ៍ សុខ ខេមរិន ដែលអាវុធនោះនៅពេលបាញ់ទៅលើជនល្មើស ធ្វើឲ្យជនល្មើសមិនអាចតដៃរួច ពោលគឺប្រៀបបានដូចជាឆក់ខ្សែភ្លើង ប៉ុន្ដែមិនបណ្ដាលឲ្យជនល្មើសស្លាប់នោះ ដោយគ្រាន់តែគ្មានកម្លាំងតដៃវិញ។
ក្រោយការពន្យល់ណែនាំពីគុណសម្បត្តិ និងការប្រើប្រាស់, ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រូបនេះបានបញ្ជាក់ថា លោកនឹងយកអ្វីដែលខាងតំណាងក្រុមហ៊ុន បានណែនាំប្រាប់នោះទៅប្រាប់ថ្នាក់លើបន្ដទៀត ហើយលោកបង្ហាញជំនឿថា ថ្នាក់ដឹកនាំនឹងទិញអាវុធនោះ មកឲ្យកងកម្លាំងប្រើប្រាស់បង្ក្រាបបទល្មើស៕