(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះថា ក្រោយធ្វើការពិសោធន៍សារធាតុគីមី ក្នុងគ្រាប់បែកដែលទម្លាក់ពីលើយន្តហោះអាមេរិក ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទើបរកឃើញថា សារធាតុគីមីនៃអាវុធគីមីនោះ  ជាសារធាតុគីមីប្រភេទ​ Nitrogen Mustard ដែលហៅថា​  Blister agents។

នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រោយធ្វើការវិភាគដោយប្រើប្រាស់ម៉ាស៉ីនវិភាគ ដែលកុម្មុងទិញពីប្រទេសអាល្លឺម៉ង់ រកឃើញថា សារធាតុគីមីនោះ ជាប្រទេ ​ Blister agents មិនមែនជាប្រភេទគីមី CS នោះទេ។ សារធាតុគីមីនេះ មានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ លើសុខភាពមនុស្ស​ដូចជា​ ប៉ោងស្បែក រលាកស្បែក​ និងថប់ដង្ហើម​ជាដើម។

លោកបន្តថា សារធាតុគីមី Nitrogen Mustard ដែលហៅថា​  Blister agents គឺស្ថិតនៅក្នុងតារាងទី១​ នៃសារធាតុគីមី ដែលត្រូវហាមប្រាម ដោយអង្គការ OPCW របស់អង្គការសហប្រជាតិ។

សូមជម្រាបថា គ្រាប់បែកគីមី១គ្រាប់ ក្នុងបរិវេណវត្តគគីរ ភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានមន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរមីនដោះបាន ខណៈគ្រាប់បែក១៥កន្លែងផ្សេងទៀត ត្រូវបានរកឃើញ។

ពាក់ព័ន្ធគ្រាប់បែកគីមីនេះ ប្រជាពលរដ្ឋឃុំគគីរ ជិត១០០នាក់ហើយបានរងគ្រោះសារធាតុគីមី នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ពួកគាត់ភាគច្រើន មានបញ្ហារមាសលើរាងកាយ និងពិបាកដកដង្ហើម។

ប៉ុន្តែដែលគួរឲ្យសោកស្តាយ និងឈឺចាប់បំផុតនោះ គឺទូតសហរដ្ឋអាមេរិក ដែលជាម្ចាស់គ្រាប់បែកគីមីនេះ និយាយថា គ្រាប់បែកទាំងនោះជាឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះ មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

ភ្លាមៗបន្ទាប់ពីទូតអាមេរិកនិយាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញមកទាត់ចោល សំដីដ៏ឥតខ្មាសអៀននេះ ហើយសូមអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីជំនាញរបស់អាមេរិក រួមទាំងអង្គការសហប្រជាជាតិផងដែរ ចុះទៅកាន់ទីតាំងគ្រាប់បែកគីមីនោះដោយផ្ទាល់ ហើយបើមិនជឿទៀតនោះ អាចយកដៃកាន់ និងហិតលេងក៏បាន។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន​ មេត្តាជួយចូលរួមប្រុងប្រយ័ត្ន និងជួយថែរក្សាតំបន់សុវត្ថិភាព​ ស្លាកសញ្ញា​សំគាល់គ្រោះថ្នាក់​ និងស្ថិតនៅឆ្ងាយពីគ្រាប់បែកទាំងនេះ ចៀសវាងដាច់ខាត ទៅគាល់កកាយដោយយល់ថា គ្មានគ្រោះថ្នាក់​ ឬគ្រោះថ្នាក់ត្រឹមហៀរទឹកភ្លែក ព្រោះជាក់ស្តែងមន្ត្រីស៊ីម៉ាក់ គ្រាន់តែដាច់ស្រោមដៃតិចតួចក៏ពង រមាស់ពេញដៃ។

លើសពីនេះទៅទៀតនោះ លោកក៏បានអំពាវនាវដល់អង្គការហាមឃាត់អាវុធគីមី របស់អង្គការសហប្រជាជាតិ​ ចុះមកត្រួតពិនិត្យ និងផ្តល់របាយការណ៍​ប្រកបដោយតម្លាភាព​ ដើម្បីមន្ត្រីជំនាញកម្ពុជាមានវិធានការ សមស្របជួយប្រជាជន។

សូមជម្រាបថា បើតាមលោក ហេង រតនា អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះ សង្គ្រាម​មានចំនួនច្រើន ឥតគណនាបានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។​ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺ​មានចំនួន១១៥,២៧៥ទីតាំង ​(ឬកំណត់ត្រា)​ មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក​ មានចំនួនគ្រាប់ទំលាក់ចំនួនជាង២លាន៥៩ម៉ឺនគ្រាប់​ មានទំងន់ជាង២លាន៨សែនតោន​ (២,៨០៣,៨៦៨,១៥២​គីឡូក្រាម)​ ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួន​ជាង២៧លាន៩សែនគ្រាប់​។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ! ខាងលើនេះជាការពិតជាក់ស្តែង​ ដែលបានកើតលើប្រជាជន និងប្រទេសដ៏កំសត់មួយនេះ៕