(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិនិយោគលើវិស័យទេសចរនៅកម្ពុជា លោក វ៉ាង យូ ជុង អនុប្រធានគណៈកម្មាធិការរដ្ឋបាលរមណីយដ្ឋាន ជាតិខេត្តគុនមិញ សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ពីគោលបំណងនៃការវិនិយោគលើវិស័យទេសចរនៅកម្ពុជា។
ការសិក្សាពីការវិនិយោគនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ហើយក៏ស្របពេលដែលប្រទេសកម្ពុជា បាននិងកំពុងរៀបចំគោលនយោបាយទាក់ទាញទេសចរណ៍ «China Ready» គឺនាឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងស្រូបយកទេសចរចិនឲ្យបានយ៉ាងតិច ២ លាននាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនគណៈប្រតិភូចិនថា ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះកម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទាំងមូលពោរពេញទៅដោយសុខសន្តិភាព ម្យ៉ាងច្បាប់វិនិយោគក៏អំណោយផល និងផ្តល់ការអនុគ្រោះដល់វិយោគិនផងដែរ។
ព្រមជាមួយនេះ កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងជាសមាជិកនៃប្រទេសតាមបណ្តោយផ្លូវសូត្រសមុទ្រ ដែលនឹងអាចទទួលបានផលប្រយោជន៍យ៉ាងច្រើន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការណ៍នេះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា កំណើនភ្ញៀវទេសចរនៅកម្ពុជា មិនអាចកាត់ផ្តាច់ចេញបានពីទេសចរចិនបានឡើយ។
ដោយឡែក នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ៨៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ ខាងមុខ កម្ពុជាកំពុងរៀបចំទាក់ទាញទេសចរចិនឲ្យបានយ៉ាងតិច ២លាននាក់ ជាមួយកំណើននៃភ្ញៀវទេសចរបរទេសប្រមាណ ៧លាននាក់។
ប្រទេសកម្ពុជារំពឹងថា នៅឆ្នាំ២០២០ ត្រូវការកម្លាំងពលកម្មបម្រើការងារផ្នែកទេសចរជិត ១លាននាក់ ស្របពេលដែលឆ្នាំ២០១៧នេះ មានមនុស្សម្រើការងារដោយផ្ទាល់ក្នុងឧស្សាហកម្មទេសចរណ៍នេះជាង ៦២ម៉ឺននាក់និងដោយប្រយោលរាប់សិបមុឺននាក់ទៀត។
គណៈប្រតិភូចិន ក៏បានអញ្ជើញលោករដ្ឋមន្រ្តីទៅទស្សនកិច្ចរមណីយដ្ឋានទេសចរណ៍ នៅខេត្តគូនមីង ហើយជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តីនឹងចាត់មន្រ្តីជំនាញ ជាពិសេសមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទៅដកស្រង់បទពិសោធន៍ពីការគ្រប់គ្រងរមណីយដ្ឋាននៅទីនោះ ដើម្បីជំរុញការអភិវឌ្ឍរមណីយដ្ឋាននៅកម្ពុជាឲ្យកាន់តែប្រសើរ។
គួររំឭកថា តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក ឆ្នាំ២០២០ ខាងមុខ ភ្ញៀវទេសចរចិន រហូតដល់ទៅ ជាង ២០០លាននាក់ នៅដើរចេញក្រៅប្រទេស ដែលមានចំណាយ រហូតជាង ៤២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៧០ភាគរយ មកអាស៊ី។ក្នុងចំណោមបណ្តាលប្រទេសអាស៊ានទាំង១០ ទើប បានទទួលភ្ញៀវទេសចរចិនជាង ២០លាននាក់ប៉ុណ្ណោះ ក្នុងនោះប្រទេសថៃ និងម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ។
សាធារណរដ្ឋប្រជាមានិតចិន មានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា ដែលមានផ្ទៃដីសរុបធំលំដាប់ថ្នាក់ទី៣ និងជាប្រទសមហាអំណាចសេដ្ឋកិច្ចពិភពលោក ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ជាង១០ទ្រីលានដុល្លារ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០១៤ ដែលមានអត្រាកំណើនជាមធ្យម ៧.៤% ក្នុងមួយឆ្នាំ និងនៅឆ្នាំ២០១៥ មានចំនួន១១ទ្រីលានដុល្លារ នៃផលិតផលក្នុងស្រុកសរុប ដែលមានកំណើន ៦.៨%៕