(ភ្នំពេញ)៖ ធុងសំរាម១០០០ធុងដែលជាអំណោយរបស់លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរប្រ៊ូវើរី លីមីតធីត ត្រូវបានយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ដាក់ពង្រាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលចូលមកដល់នាប៉ុន្មានថ្ងៃខាងមុនខនេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែតុលា ក្រោមការចូលរួមទទួលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត។
លោកឧកញ៉ា លាង ឃុន បានលើកឡើងថា ធុងសំរាមទាំងនេះ ក្រុមហ៊ុននឹងដាក់ពង្រាយតាមគោលដៅកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមរក្សាបរិស្ថានទាំងអស់គ្នាខណៈ ដែលនឹងមានប្រជាពលរដ្ឋប្រមាណ៣លាននាក់មក ដើរលេងកំសាន្ព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុក និងសំពះព្រះខែ ឆ្នាំនេះ។ លោកឧកញ៉ា បញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះដែរ ក្រុមហ៊ុនក៏នឹងបញ្ជូនរថយន្ត២គ្រឿង ដើម្បីលាងផ្លូវផងដែរ។
លោក ឃួង ស្រេង បានថ្លែងថា ធុងសំរាម១០០០ធុងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថានជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយធុងសំរាមទាំងនេះ យើងនឹងដាក់ពង្រាយតាមសួនច្បារ និងទីកន្លែងសាធារណៈនានា ដើម្បីបំរើឲ្យមានបរិស្ថានល្អនៅរាជធានីភ្នំពេញ ពិសេសនៅកន្លែងសំខាន់ៗនៃតំបន់ប្រារព្វពិធី។
លោកបន្តថា ក្រោមការដឹកនាំរបស់សម្តេតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើនយ៉ាងលឿន។ ក្នុងនោះបញ្ហាបរិស្ថានសំរាមក៏ត្រូវបានយកចិត្តទុកដាក់ ខណៈមានបញ្ហាប្រឈម៣យ៉ាង ដែលយើងត្រូវការដោះស្រាយបន្ទាន់ ដូចជា៖ បញ្ហាស្ទះចរាចរ បញ្ហាស្ទះលូ និងសំរាម។ ចំពោះបញ្ហាលិចលង់រាជធានីភ្នំពេញ វាជាបញ្ហាប្រឈមដែលរដ្ឋបាលរាជធានី បាននិងកំពុងដោះស្រាយ។
លោកបន្តថា នៅរដូវប្រាំងនេះយើង នឹងចាប់ផ្តើមបើកការដ្ឋាន ហើយសង្ឃឹមថា នៅខែរស្សាឆ្នាំក្រោយ វានឹងកាត់បន្ថយការលិចលង់បានមួយចំនួនធំទៀត។ ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមទុកដាក់សំរាមក្នុងធុងបានល្អ ពោលគឺបើបងប្អូនចូលរួម វានឹងនាំឲ្យយើង អាចប្រមូលសម្រាមបានលឿន កាត់បន្ថយកម្លាំងកម្មករផងដែរ៕