Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន៖ យុទ្ធនាការទិញផលិតផលខ្មែរ នឹងក្លាយជាមធ្យោបាយថ្មីមួយ ជួយដាស់តឿនស្មារតីខ្មែរ ឲ្យនិយមប្រើផលិតផលខ្មែរ

26-10-2017 18:23

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីស្ដីទី ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០១៧នេះ បានលើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម នឹងក្លាយជាមធ្យោបាយថ្មីមួយ ជួយដាស់តឿនស្មារតីខ្មែរយើង ឲ្យនិយមប្រើផលិតផលខ្មែរ។

ការថ្លែងបែបនេះក្នុងឱកាសដែល ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែតុលានេះតទៅ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

ពិធីសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើឡើងនៅទីតាំងបរិវេណមជ្ឍមណ្ឌលវិមានសុភមង្គល សង្កាត់ស្ទឹមមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ដែលកំពុងត្រូវបានរៀបចំនៅថ្ងៃនេះ គឺជាគំនិតផ្ដួចផ្ដើមដ៏ត្រឹមត្រូវ និងជាស្នាដៃថ្មីមួយទៀត របស់ក្រសួងពាណិជ្ជកម្ម ក្នុងបេសកម្មការងាររបស់ខ្លួន។

លោកបន្ដថា «ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា យុទ្ធនាការទិញផលិតផលខ្មែរ នឹងក្លាយជាមធ្យោបាយថ្មីមួយ ជួយដាស់តឿនស្មារតីខ្មែរយើង ឲ្យនិយមប្រើផលិតផលខ្មែរជាអតិបរមា»

ឧបនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា ពិព័រណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំធ្វើឡើង ក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម ពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស បង្ហាញពីបរិយាកាសធុរកិច្ច និងសក្កានុពលវិនិយោគ ព្រមទាំងបង្ហាញអំពី គោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

លោកថា «តាមរយៈពិព័រណ៍ពាណិជ្ជកម្ម ផលិតផលខ្មែរថ្ងៃនេះផងដែរ អ្នកប្រើប្រាស់នឹងការស្គាល់កាន់តែច្បាស់ ហើយខ្ញុំសង្ឃឹមថា នឹងគាំទ្រទំនិញក្នុងស្រុករបស់យើង។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញ ដែលយកមកពីបណ្ដាខេត្តទូទាំងប្រទេស ក៏មានរៀបចំនូវការសម្ដែងសិល្បៈ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ យើងលំហែផងដែរ»

ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងបន្ដរៀបចំ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ នៅខេត្តផ្សេងទៀត នៅឆ្នាំខាងមុខ ដើម្បីជំរុញប្រជាពលរដ្ឋខ្មែរ ឲ្យនិយមប្រើទំនិញរបស់ជាតិយើង មុននឹងប្រើទំនិញបរទេស»

ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ការរៀបចំ និងចូលរួមតាំងពីព័រណ៍ពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស បានរួមចំណែកធ្វើឲ្យពាណិជ្ជកម្មកម្ពុជា សម្រេចបាននូវកំណើនល្អ ប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន បានឲ្យដឹងទៀតថា ការកើនឡើងនូវទំហំពាណិជ្ជកម្ម ប្រកបដោយចេរភាពនេះ គឺដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យនយោបាយខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន មានគោលនយោបាយច្បាស់លាស់ យកចិត្តទុកដាក់ ជំរុញគាំពារវិនិយោគ និងធុរកិច្ចក្នុងប្រទេសក្នុង ក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ ព្រមទាំងចាត់ទុកវិស័យឯកជនជាដៃគូ យ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យ ដែលទាំងអស់គ្នាមើលឃើញសព្វថ្ងៃនេះ៕