(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ស៊ីជីន ភីង ត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។

យោងតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នៅរសៀលថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីសចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា កាលពីម្សិល​មិញ ប្រធានាធិបតី​ចិនលោក ស៊ី ជិនភីង ត្រូវ​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​ឲ្យ​​បន្តធ្វើ​ជា​អគ្គ​លេ​ខា​ធិ​ការ​ នៃ​គណៈកម្មា​ធិ​ការមជ្ឈិម​​បក្សកុម្មុយនិស្ត​​ចិន (CPC) សម្រាប់​អាណត្តិទី០២។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៧។

នេះជាការតែងតាំងក្នុងជួរបក្សកម្មុយនិស្តចិនតែប៉ុណ្ណោះ សម្រាប់តំណែងប្រធានាធិបតី នឹងធ្វើការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៨ខាងមុនេះ ហើយគេក៏រំពឹងថា លោក ស៊ី នឹងបន្តតំណែងជាប្រធានាធិបតីចិនជាបន្ត។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បានប្រកាសឲ្យ​ដឹងផងដែរ​ពីសមាសភាព​ថ្នាក់ដឹកនាំថ្មី០៥រូប ដែលត្រូវ​បាន​​ជ្រើស​តាំង​ឲ្យ​មក​​ចូលរួមជាមួយ លោក ស៊ី និងនាយករដ្ឋមន្រ្តី​ចិន លោក លី ខេជំាង (Li Keqiang) នៅក្នុងគណៈកម្មាធិការ​អចិន្រ្តៃយ៍​ នៃ​កា​រិ​យា​ល័យ​នយោបាយដ៏មាន​ឥទ្ធិពលបំផុត​របស់​គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន។

សមាសភាពទាំង៥រូបខាងលើ ដែលសុទ្ធតែ​ជាបុរសរួមមាន៖ លោក លី ចានស៊ូ (Li Zhanshu) វ័យ ៦៧ឆ្នាំ ប្រធានខុទ្ទកា​ល័យ​របស់លោក ស៊ី ជិនពីង, លោក វ៉ាង យ៉ាង (Wang Yang) វ័យ ៦២ឆ្នាំ, លោក វ៉ាង ហ៊ូនីង (Wang Huning) វ័យ ៦២ឆ្នាំ​ ប្រធាន​ទ្រឹស្តី​បក្ស, លោក ចាវ ឡេជី (Zhao Leji) វ័យ ៦០ឆ្នាំ ប្រធានកិច្ចការផ្ទាល់ក្នុងបក្ស, និងលោក ហាង ចេង (Hang Zheng) វ័យ ៦៣ឆ្នាំ លេខា​បក្ស​ប្រចាំ​ទីក្រុងសៀងហៃ៕

សូមអានខ្លឹមសារលម្អិតនៅលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖