(ព្រះសីហនុ)៖ បើទោះជាសាលក្រមសំណុំរឿងរដ្ឋប្បវេណីមួយ ដែលបានផ្តន្ទាទោស២នាក់ប្តី-ប្រពន្ធ គឹលោក សន កុសល និងប្រពន្ធ សេង ផល្លីន ឲ្យសងប្រាក់ដែលជំពាក់ចំនួន ១០ម៉ឺនដុល្លារ និងប្រាក់សំណងចំនួន២០លានរៀលទៀត ទៅឱ្យដើមបណ្ដឹងជាច្រើនខែក៏ដោយចុះ ក៏ដើមបណ្ដឹងរហូតមកដល់់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នៅមិនទាន់ទទួលបានអ្វីសោះឡើយ ។ នេះបើយោងតាមការអះអាងរបស់លោក តាំង ហុងឆាយ ដែលជាម្ចាស់បំណុល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

លោក តាំង ហុងឆាយ ជាដើមបណ្ដឹងបានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ លោក ញឹម ពិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូង ខេត្តព្រះសីហនុ បានចេញសាលក្រមលេខ០១ "ឆ" សម្រេចផ្តន្ទាទោសបង្គាប់ឱ្យឈ្មោះ សន កុសល និងប្រពន្ធឈ្មោះ សេង ផល្លីន៖-សងប្រាក់ចំនួន១០០,០០០ដុល្លារ ទៅដើមបណ្ដឹង និងតម្រូវឱ្យគូភាគីអនុវត្តជាបណ្តើរៗ -បង់ការប្រាក់ចំនួន ១៨%នៃប្រាក់ដើម រហូតសងអស់ទៅដើមបណ្ដឹង និងសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន២០លានរៀល។

លោកបន្តថា រហូតមកដល់ពេលនេះ រូបគាត់នៅតែមិនទាន់ បានសំណងសូម្បីតែមួយសេន ចំណែកលោក សន កុសល និងប្រពន្ធឈ្មោះ សេង ផល្លីន ចេះតែគេចវេសមិនព្រមសងសោះ។

លោក តាំង ហុងឆាយ បានថ្លែងថា ដើមចមដែលនាំឱ្យឈ្មោះ សន កុសល និងប្រពន្ធឈ្មោះ សេង ផល្លីន ជំពាក់លុយលោក គឺកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៨ ពួកគេទាំង២នាក់ បានទិញដីគាត់ចំនួន ៦,៥ហិកតា ដែលមានទីតាំងនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្នុងតម្លៃ២៥,០០០ដុល្លារ ក្នុងមួយហិកតា ដោយបានឱ្យលុយថ្លៃដីមួយចំនួន និងនៅខ្វះចំនួន ៨១,០០០ដុល្លារ។

ដោយសារតែឈ្មោះ សន កុសល និងប្រពន្ធឈ្មោះ សេង ផល្លីន គ្មានលុយសងថ្លៃដីយូរពេក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១០ ពួកគេបាន ធ្វើកិច្ចសន្យាទទួលស្គាល់បំណុល និងសុខចិត្តសងថ្លៃពិន័យចំនួន ២០,០០០ដុល្លារបន្ថែមលើ ប្រាក់ដែលនៅសល់ចំនួន៨១,០០០ដុល្លារ។

ដោយសារតែឈ្មោះ សន កុសល និងប្រពន្ធឈ្មោះ សេង ផល្លីន មិនព្រមសងប្រាក់តាមកិច្ចសន្យា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ លោក តាំង ហុងឆាយ បានប្តឹងពួកគេ ពីបទរំលោភទំនុកចិត្ត ទៅសាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ លោក ហង់ ស៊ីថា ជាចៅក្រមជំនុំជម្រះ បានលើកលែងចោទប្រកាន់លើឈ្មោះ សន កុសល និងឈ្មោះ សេង ផល្លីន ដោយឱ្យដើមបណ្ដឹងឈ្មោះ តាំង ហុងឆាយ ទៅប្តឹងនៅតុលាការរដ្ឋប្បវេណីវិញ។

ទាក់ទង នឹងសំណុំរឿងនេះលោក សន កុសល បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកទទួលស្គាល់ថា លោកបានជំពាក់លុយដើមបណ្ដឹងឈ្មោះ តាំង ហុងឆាយ ចំនួន៦ម៉ឺនដុល្លារតែប៉ុណ្ណោះ មិនមែន ១០ម៉ឺនដុល្លារទេ។ លោកបន្ដថា តាមពិតលោកបាន សងទៅដើមបណ្ដឹង បានមួយចំនួនហើយ ប៉ុន្តែដើមបណ្ដឹងនៅតែប្តឹងពីលោកទៀត ដូច្នេះលោកមិនសងទៀតទេ។

ចំពោះសាលក្រមដែលលោក ញឹម ពិសាល ជាចៅក្រមសាលាដំបូងខេត្តព្រះសីហនុ សម្រេចនោះ លោកមិនទទួលស្គាល់ឡើយ ហើយលោកបានប្តឹងឧទ្ធរណ៍រួចហើយ ពេលនេះលោកកំពុងរងចាំចំណាត់ការរបស់តុលាការសាលាឧទ្ធរណ៍៕