(កំពង់ចាម)៖ លោក ឈឿ សោភ័ក្រ អាយុ៣៧ឆ្នាំ ជាជំទប់ទី១ឃុំខ្ចៅ ស្រុកកងមាស និងលោក ហ៊ុ គ្រុយ ជំទប់ទី១ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីគណបក្សប្រឆាំងមួយនេះ ហើយសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

យោងលិខិតសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់ពួកគេទាំង២នាក់ ដាក់ជូនប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកងមាស និងស្រុកជើងព្រៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ពួកគេទាំង២នាក់បានហៅលោក កឹម សុខា និងថ្នាកដឹកនាំគណបក្សសង្គ្រោះជាតិ សុខចិត្តអោនក្បាលបម្រើបរទេស មិនគិតពីមហន្តរាយរបស់ជាតិមាតុភូមិ គឺជាជនក្បត់ជាតិ និងអំពើក្បត់ជាតិមិនអាចអន់អោនឲ្យបាន។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃនេះតទៅ។

ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិទាំង៣រូបនេះ បានហៅលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើឲ្យបរទេសពិតប្រា​កដមែន បន្ទាប់ពីពួកគាត់បានឃើញវីដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺជាសកម្មភាពជាក់ស្ដែងញុះញង់បំបែកខ្មែរជាពីរ។ មន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៣រូបខាងលើនេះ រួមមានទី១៖ លោក ហេង សុចិន្ដា អាយុ៤៧ឆ្នាំ ជាចៅសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិ, ទី២៖ លោក សែង ចន្ថា អាយុ៣៧ឆ្នាំ ជាចៅសង្កាត់រងទី១ របស់គណបក្សសង្គ្រោះជាតិ និងទី៣៖ លោក ធ្លក គីម ជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ។

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក៏មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕