(ភ្នំពេញ)៖ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង ​សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច បានលើកឡើងថា រដ្ឋាភិបាល បានដាក់ឲ្យ អនុវត្តនូវច្បាប់ស្តីពី «ការកំណត់អត្រាជនពិការឲ្យចូលបម្រើការងារ» និងលើកទឹកចិត្តទាំងវិស័យរដ្ឋ និងឯកជនឲ្យជ្រើសរើសជនពិការការចូលបម្រើការងារ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តជំរុញ និងអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការ ឲ្យចូលបម្រើការងារទាំងក្នុង ក្រសួង ស្ថាប័នរបស់រដ្ឋ និងក្នុងវិស័យឯកជនដែលមាន កាតព្វកិច្ចជ្រើស រើសជនពិការតាមរយៈរដ្ឋបាលសិទ្ធិជនពិការ ជាយន្តការអធិការកិច្ច។

លោក សែម សុខា បានបញ្ជាក់ថា ជាលទ្ធផលយើងមើលឃើញថាចំនួនជនពិការ ចូលបម្រើការងារមានការកើនឡើងយ៉ាងខ្លាំង ដូចបាន រៀបរាប់ ក្នុង ឆ្នាំ២០១៦ ជនពិការចូលបម្រើការងារ នៅក្នុងក្រសួងនិងស្ថាប័នរដ្ឋ មានចំនួន២៥៧៦នាក់ បើគិតជាអត្រាភាគរយប្រហែល ជិត២% (១.៧២%) និងជនពិការចូលបម្រើការងារក្នុងវិស័យឯកជនចំនួន២១២៤នាក់ បើគិតជាអត្រាភាគរយ គឺ៥.៥៣%។

ការលើកឡើងរបស់ លោក សែម សុខា បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារណែនាំ គោលស្តីពីនីតិវិធីអធិការកិច្ច លើវិស័យពិការភាពនៃប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច។

លោក សែម សុខា ក៏សង្ឃឹមថា នេះជាច្បាប់ ដែលអាចជួយដល់ជនពិការ​ បើសិនជាក្រសួង ស្ថាប័ន និងវិស័យឯកជន គោរព និងអនុវត្ត ទាំងអស់គ្នា។ ករណីនេះ បានក្លាយទៅជាច្បាប់ហើយ ដូចនេះ ពួកគាត់ត្រូវតែធ្វើ បើមិនអនុវត្តទេ នឹងមានវិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានោះ កញ្ញា យិន សូត្រ ជនពិការភ្នែក បានឲ្យដឹងថា កញ្ញា ពិតជាសប្បាយចិត្តណាស់ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ អនុក្រឹត្យស្តី «ពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការឲ្យចូលបម្រើការងារ»។ កញ្ញា ថា អនុក្រឹត្យនេះ បានសម្រូលដល់ ជនពិការ ដោយតម្រូវឲ្យក្រសួង ស្ថាប័ន និងឯកជន ទទួលយកជនពិការបម្រើការងារ។ ការដាក់ចេញនេះ អាច ធ្វើឲ្យជនពិការ និងរូបកញ្ញាផ្ទាល់ អាចបម្រើការងារ និងរកប្រាក់ចំណូល មកចិញ្ចឹមជីវិតបាន។ ជនពិការភ្នែក រូបនេះ បានស្នើឲ្យក្រសួង ស្ថាប័ន និងឯកជន ទាំងនោះ ទទួលយកជនពិការចូលបម្រើការងារ និងសុំបញ្ឈប់ការរើសអើងជនពិការផងដែរ។

យោងតាមអនុក្រឹត្យ ដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក បានចែកថា ក្រសួង ស្ថាប័នរដ្ឋ ដែលមានមន្ត្រីរាជការ ចាប់ពី៥០ នាក់ឡើងទៅ ត្រូវតែមានជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុង មុខតំណែង ទៅតាមប្រភេទការងារ ដូចកំណត់តាមមាត្រា១១ នៃអនុក្រឹត្យនេះ ចូលបម្រើការងារ ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នីតិបុគ្គលដែលមានកម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅ ត្រូវមានជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវ មុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ទៅតាមប្រភេទការងារ ដូចកំណត់តាមមាត្រា១១ នៃអនុក្រឹត្យនេះ ក្នុងអត្រា១ ភាគរយ នៃចំនួនកម្មករ និយោជិតសរុប។

អនុក្រឹត្យដដែលបានបន្តថា ក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមានមន្ត្រីរាជការ និងកម្មករ និយោជិតតិចជាងចំនួនដូចមានចែងក្នុងមាត្រា៥ និងមាត្រា៦ នៃអនុក្រឹត្យនេះ ហើយបានជ្រើសរើសជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខដំណែងចូលបម្រើការងារ ត្រូវទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងមាត្រា១៧ នៃអនុក្រឹត្យ។

ប្រធានក្រសួង ស្ថាប័នរដ្ឋ ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែង ក្នុងមាត្រា៥ នៃអនុក្រឹត្យនេះ ត្រូវបង់ភាគទានចូលហិបមូលនិធិជន ពិការជាប្រាក់ស្មើនឹង៥០ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋាន ប្រចាំខែរបស់មន្ត្រីរាជការ ក្នុងមួយខែតាមប្រភេទក្របខណ្ឌ សម្រាប់មន្ត្រីរាជការជាជនពិការ១នាក់។

នីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវបង់ភាគទានចូលហិបមូលនិធិជនពិការ ជាប្រាក់ ស្មើ នឹង៤០ភាគរយ នៃប្រាប់បៀវត្សអប្បបរមាប្រចាំខែរបស់កម្មករ និយោជិត ក្នុងមួយខែ សម្រាប់កម្មករ និយោជិតជាជនពិការ១នាក់។
ការបង់ភាគទាន ដូចមានចែងក្នុងមាត្រា១៥ ខាងលើត្រូវអនុវត្តតាមនីតិវិធី ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ។ តាមច្បាប់ជាធរមាន ដែលត្រូវកំណត់ដោយ ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមសំណើររបស់ក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ។ប្រធានក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ច ដូមមានចែងក្នុងមាត្រា៥ មាត្រា៦ និងមាត្រា១៥ នៃអនុក្រឹត្យនេះ​ ហើយមិនព្រមបង់ភាគទានចូលហិបមូលនិធិជនពិការ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចមានចែងក្នុងមាត្រា៥៤ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ក្នុងករណីមិនគោរពតាមកថាខណ្ឌខាងលើ ត្រូវផ្តន្ទាទោសដូចមានចែងក្នុងមាត្រា៥៦ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ។

យោងតាមរបាយការណ៍លើការងារ របស់រដ្ឋបាលសិទ្ធិជនពិការ ដែលបង្ហាញដោយ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស នៃក្រសួង សង្គមកិច្ច បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ជនពិការចូលបម្រើការងារ នៅក្នុងក្រសួងនិងស្ថាប័នរដ្ឋ មានចំនួន ២.៥៧៦នាក់ បើគិតជាអត្រាភាគរយស្មើនឹង ១.៧២% និងជនពិការបម្រើការងារ ក្នុងវិស័យឯកជនចំនួន ១៩ស្ថាប័នមានជនពិការចំនួន ២.១២៤នាក់ សរុបរួមជនពិការចូលបម្រើការងារទាំងវិស័យរដ្ឋ និងឯកជន ចំនួន៤.៧០០នាក់៕