(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ បានរៀបរាប់ពី សភាពការណ៍ថ្មីៗដែលកើតឡើងនៅកម្ពុជា និងបានបកស្រាយពីឧបាយកលក្បត់ជាតិ រហូតដល់ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជម្រាបដល់សមាជិក នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យពួកគេយកទៅផ្សព្វផ្សាយបន្ត ពីអ្វីដែលរាជរដ្ឋាភិបាលខិតខំកសាងរហូតមកនេះ។

ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាគមយុវជនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជិត ១,០០០នាក់។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ការឡើងកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា គឺតាមរយៈការបោះឆ្នោតដោយសន្តិវិធី គ្មានការធ្វើសង្គ្រាមដណ្ដើមអំណាច គ្មានការឃុបឃិតជាមួយបរទេសធ្វើបដិវត្តពណ៌ ដូចគណបក្សប្រឆាំងនោះឡើយ ពោលការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺស្របទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតប្រកបដោយតម្លាភាព ខុសពីគណបក្សប្រឆាំង ដែលព្រោះតែចង់ឡើងកាន់អំណាចបានប្រើគ្រប់ឧបាយកល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្បត់ជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋ។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានដឹកនាំ បានខំប្រឹងប្រែងរំដោះប្រទេសកម្ពុជា រំដោះប្រជាំពលរដ្ឋកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹតយ៉ាងត្រដាបត្រដុស បានធ្វើការបង្រួបបង្រួមជាតិជាធ្លុងមួយ នាំសន្តិភាពឲ្យប្រជាជាតិកម្ពុជា ឲ្យកម្ពុជាមានស្ថិរភាពពេញផ្ទៃប្រទេស និងបានកសាងប្រទេសជាតិ រហូតដល់មានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ប្រទេសដ៏កំសត់មួយនេះឲ្យរីកចម្រើនតទៅមុខទៀត។

លោកទីប្រឹក្សាបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បើនិយាយជាមួយបរទេសគេប្រាប់ថា «កុំបី» កុំផ្ដល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា បើគេនិយាយជាមួយរាជរដ្ឋាភិបាល គេទាមទារបីដែរ ទារឡើងប្រាក់ខែ ទារឡើងឋានៈ និងទារធ្វើបាតុកម្ម ហើយបើគេនិយាយជាមួយប្រជាពលរដ្ឋវិញ គឺគេសន្យាបីដូចគ្នា ទី១.ពេលទៅជនបទ គេសន្យាជាមួយកសិករថានឹងដំឡើងថ្លៃស្រូវ ដល់ពេលមកដល់ទីប្រជុំជន បែរជាគេសន្យាថានឹងទម្លាក់ថ្លៃអង្ករវិញ បើគណបក្សគេឈ្នះឆ្នោត, ទី២.សន្យាជាមួយកម្មករថា នឹងដំឡើងប្រាក់ឈ្នួល និងទី៣.សន្យាជាមួយមេឃុំថា នឹងផ្ដល់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ដល់ឃុំ-សង្កាត់នីមួយៗ បើមេឃុំ-ចៅសង្កាត់គេឈ្មះឆ្នោត ប៉ុន្តែទាំងអស់នេះសុទ្ធតែជាសន្យាខ្យល់។

លោកបន្តទៀតថា ដើម្បីតែមហិច្ឆតាចង់ឡើងកាន់អំណាច គណបក្សប្រឆាំងបានប្រើគ្រប់ឧបាយកល បោកប្រាស់ប្រជាពលរដ្ឋ ឃុបឃិតជាមួយបរទេស រៀបចំគម្រោងការក្បត់ជាតិ នាំបដិវត្តពណ៌មកដាក់ក្នុងប្រទេសកម្ពុជា ដោយបានរៀបចំអង្គការចាត់តាំងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង។ អ្វីទាំងអស់នេះ មិនមែនរាជរដ្ឋាភិបាលកម្ពុជា ជាអ្នកនិយាយខ្លួនឯងនោះទេ គឺលោក កឹម សុខា មេបក្សប្រឆាំង ដែលជាអ្នកនិយាយខ្លួនឯងប្រាក់សកម្មជនរបស់ខ្លួន នៅប្រទេសអូស្ត្រាលី។

លោកបកស្រាយបន្តថា ដោយសារគំនិតយង់ឃ្នងក្បត់ជាតិយ៉ាងនេះហើយ ទើបកម្លាំងសមត្ថកិច្ចបានចុះចាប់ខ្លួនលោក កឹម សុខា ទាំងយប់អាធ្រាត និងបញ្ជូនទៅពន្ធនាគារត្រពាំថ្លុង ខេត្តត្បូងឃ្មុំតែម្ដង។ ក្រោយឃាត់ជនក្បត់ជាតិនេះហើយ ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បាននិយាយប្រាប់ទៅសកម្មជនរបស់ខ្លួនអំពីសកម្មភាពរបស់មេបក្សខ្លួន ដែលសបញ្ជាក់ថា សកម្មភាពក្បត់ជាតិរបស់មេបក្សមួយនេះ មានជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទាំងមូល ទើបមានគណបក្សតូចធំផ្សេងទៀត បានប្ដឹងទៅក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលលើគណបក្សទាំងអស់នៅកម្ពុជា សុំរំលាយគណបក្សសង្គ្រោះជាតិចោល ទើបក្រសួងមហាផ្ទៃ សម្រេចប្ដឹងទៅតុលាការកំពូល ដើម្បីធ្វើការរំលាយគណបក្សប្រឆាំងមួយនេះតែម្ដង។

លោក ប៉ា សុជាតិវង្ស បានបកស្រាយបន្ថែម និងពន្យល់យ៉ាងច្បាស់ពីសភាពការណ៍ថ្មី និងការរំឭកពីព្រឹត្តិការណ៍នានាដែលបានកើតឡើងកន្លងមក នៅប្រទេសកម្ពុជា និងការបង្ក្រាបឲ្យរាបទាបទៅវិញ ពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចផងដែរ ពិសេសលោកបានផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ជួយផ្សព្វផ្សាយនូវអ្វីទាំងអស់នេះទៅកាន់មូលដ្ឋានការងារ ក៏ដូចជាមជ្ឈដ្ឋានរស់នៅរៀងៗខ្លួនឲ្យបានយល់ច្បាស់ និងកុំមានការយល់ច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់ ដូចកាលពីកន្លងទៅ។ក្រោយបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ លោកបណ្ឌិត ឡី សុភាព បានណែនាំបន្ថែមផងដែរអំពីការពន្យល់បកស្រាយ ការផ្សព្វផ្សាយ និងបានណែនាំឲ្យយុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀងសូត្រ ខិតខំចូលរួមថែរក្សាសន្តិភាព និងសមិទ្ធផលនានាដែលមានដូចពេលបច្ចុប្បន្ន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យឈានឆ្ពោះទៅរកការអភិវឌ្ឍរុងរឿងបន្តទៀត៕