(ភ្នំពេញ)៖ នៅរសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧​នេះ ក្រសួងយុត្តិធម៌ ​ពិភាក្សាអំពីការស្នើបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិត សម្រាប់ឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៧។

កិច្ចប្រជុំ​នេះ​ធ្វើឡើង នៅក្រសួងយុត្តិធម៌ ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន​គណៈកម្មការថ្នាក់ជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ហើយមានការចូលរួមពី គណៈកម្មការក្រសួងមហាផ្ទៃចំនួន ៤មណ្ឌលអប់រំកែប្រែ និងពីគណៈកម្មការរាជធានីខេត្តចំនួន ១៩ពន្ធនាគារផងដែរ។

លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនដំណើរការកិច្ចប្រជុំថា អ្នកទោសដែលបានស្នើឲ្យយកមកពិភាក្សានេះ មានចំនួន៤២១នាក់ ក្នុងនោះស្រី៣៧នាក់ ដែលស្នើមកពីពន្ធនាគារខេត្តចំនួន១៩ និងមណ្ឌលអប់រំកែប្រែទាំង៤ផងដែរ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា តែងបានធ្វើការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន៣លើក ក្នុងមួយៗឆ្នាំ ក្នុងនោះរួមមាន នៅក្នុងពិធីបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់ នាយករដ្ឋមន្រ្តី៕