(កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានប្រារព្ធវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ១តុលា ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ការគាំពារឲ្យមានប្រសិទ្ធភាព លោកបានលើកឡើងថា មនុស្សចាស់ គឺជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗ សម្រាប់យុវវ័យជំនាន់ថ្មី ជាពិសេសមនុស្ស គឺជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែររ។
លោក សុខ លូ បានថ្លែងថា ពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៧ ក្រោមប្រធានបទ «សមាគម មនុស្សចាស់ជាយន្តការដ៏សំខាន់ ជួយអភិវឌ្ឍន៍សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» ដែលបានប្រារព្ធឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
លោក សុខ លូ បានបន្តថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញ ពីតួនាទីដ៏សំខាន់របស់ មនុស្សចាស់ ក្នុងសង្គមជាតិហើយមនុស្សចាស់ គឺជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការ កសាងគ្រួសារ សហគមន៍ ការផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។
លោក សុខ លូ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់តែងតែផ្តល់ក្តីអាណិតស្រឡាញ់សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់ លោកយាយ លោកតា និងជនរួមជាតិទាំងអស់ហើយថ្នាក់ដឹកនាំមិនចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ ជួបភាពអត់ឃ្លាននោះឡើយ »។ «ដោយសារគុណបំណាច់ និងការដើរតួនាទីដ៏សំខាន់នេះហើយ ជាហេតុធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់មនុស្សចាស់»។
បន្ទាប់ពីសំណេះសំណាលលោកអភិបាលខេត្តកំពង់ធំ បានចែកជូន លោកយាយ លោកតា ចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបានខោអាវ ចំនួន១កំប្លេ និងថវិកា ចំនួន៣ម៉ឺនរៀល៕