(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស បានបញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យ​អុំទូក បណ្តែតប្រទីត អកអុំបុក សំពះព្រះខែ នាពេលខាងនេះ កម្លាំងសមត្ថកិច្ចចម្រុះចំនួន១២,៣០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បី ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដែលមកកម្សាន្ត ក្នុងរាជធានីភ្នំពេញ នាឱកាសព្រះរាជពិធីបុណ្យអុំទូក។

លោកឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំសមត្ថកិច្ចដែលត្រៀមរក្សាសន្តិសុខរួមមាន កម្លាំងអន្តរាគមន៍ កម្លាំងត្រៀមប្រចាំការ កម្លាំងការងារដើរចំគោលដៅ កម្លាំងចំហរ និងកម្លាំងសម្ងាត់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំមន្ត្រីសមត្ថកិច្ចចម្រុះ បើកកិច្ចប្រជុំពិភាក្សា ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំទូក ដែលបានធ្វើឡើង នៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។

ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានបន្តថា ដោយឡែកកម្លាំងតាមបណ្តាខេត្ត ដើម្បីជួយការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនកម្លាំងចំណុះទូក គឺមានអភិបាលរខេត្តម្នាក់ ស្នងការរងម្នាក់ បញ្ជាការកងរាជអាវុធហត្ថម្នាក់ ​ដើម្បីដឹក​នាំកម្លាំងរបស់ខ្លួន ព្រោះកម្លាំងរបស់ភ្នំពេញ ពិបាកគ្រប់កម្លាំង​តាមបណ្តាលខេត្ត ដូច្នេះក្នុងនាមអគ្គស្នងការរាជធានីភ្នំពេញ នឹងសហការជាមួយកម្លាំង​ចម្រុះនៅក្រុងភ្នំពេញ ដើម្បីធ្វើការងាររួមគ្នាការពារ សន្តិសុខជូនប្រជាពលរដ្ឋរបស់យើង។

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា «កម្លាំងដែលយើងមានច្រើនណាស់ ប៉ុន្តែដោយឡែកកម្លាំងដែលយើងត្រៀមការពារប្រើប្រាស់ ក្នុងរង្វង់​ការពារមានចំនួន១២,៣០០នាក់។ កម្លាំងដែលយើងមានទាំងអស់ គឺប្រមាណជិត៣ម៉ឺននាក់ ឯណោះទាំងកម្លាំងការពារក្រៅតំបន់ នៅក្នុងពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ»។​

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់បន្ថែមទៀតថា ក្នុងថ្ងៃបុណ្យអុំទូក ខាងមុខនេះ សាលារាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា នឹងបិទផ្លូវមួយចំនួន ចាប់ពីម៉ោង១៖០០រសៀល ដល់ម៉ោង១២៖០០យប់ ការបិទផ្លូវនេះ គឺទុកឲ្យប្រជាពលរដ្ឋដើរធម្មតា គឺបិទផ្លូវតែយានជំនិះទេ ដូចជាមធ្យោបាយដូចជា៖ ឡាន ម៉ូតូ មូលហេតុអាចនាំឲ្យកុះស្ទុះចរាចរណ៍។ ដូច្នេះការបិទបើកផ្លូវ គឺកម្លាំងចម្រុះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ដែលមកកម្សាន្តពិធីបុណ្យអុំទូក និងពលរដ្ឋ។

ផ្លូវដែលហាមឃាត់ មិនឲ្យរថយន្តធ្វើចរាចរណ៍រួមមាន៖ ផ្លូវលេខ១៣០, ផ្លូវលេខ៥, ផ្លូវលេខ១៥៤, ផ្លូវលេខ១៩, មហាវិថីនរោត្តម, ផ្លូវលេខ២២៨, ផ្លូវលេខ៥១, ផ្លូវ២៩៤, និងផ្លូវសុធារសជាដើម ដោយឡែកប្រជាពលរដ្ឋនៅក្នុងរង្វង់ផ្លូវខាងលើនេះ អាជ្ញាធរនឹងចែកបណ្ណជូនពួកគាត់ ដើម្បីមានភាពងាយស្រួលក្នុងការចេញចូល៕