(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត មេបញ្ជាការងកងទ័ពជើងគោក បាននាំយកអាវរងាជាង៨ពាន់អាវ ទៅចែកជូនកងទ័ពដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន និងកងកម្លាំងទាំង៣ប្រភេទ ក្នុងខេត្តឧត្តរមានជ័យ ខណៈដែលរដូវរងាបាននិងកំពុងឈានមកដល់ នាពេលខាងមុខដ៏ខ្លីនេះ។

យុទ្ធនាការនាំយកអាវរងាចែកជូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធខាងលើនេះ គឺជាសកម្មភាពជាប្រចាំដែលបានចាត់ចែងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នោះជាការបង្ហាញយ៉ាងច្បាស់ថា លោកទាំង២បានយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ទៅជីវភាពរស់នៅ និងការឈរជើងរបស់កងទ័ព តាមបណ្ដោយព្រំដែន ក៏ដូចជា នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ពិធីចែកអាវរងាជូនកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់ខាងលើនេះ បានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណទីបញ្ជាការវរសេនាតូចលេខ៤១ នៃកងពលតូចអន្ដរាគមន៍លេខ៤ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។ សម្រាប់អាវរងាជាង៨ពាន់អាវ នឹងត្រូវចែកជូនកងពលតូចអន្ដរាគមន៍លេខ៤ កងពលតូចលេខ៤២ និងកងកម្លាំងទាំង៣ប្រភេទ របស់ខេត្តឧត្តរមានជ័យ។

ពិធីចែកអាវរងាខាងលើនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំយោធា ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនអ្នកផ្សេងទៀត។

នៅចំពោះមុខកងកម្លាំងយោធារាប់ពាន់នាក់ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពចំពោះមេបញ្ជាការ និងកងទ័ពនៅតាមអង្គភាពនីមួយៗ ដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិ របស់អ្នកនយោបាយ ដែលប៉ង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបំពេញមហិច្ឆិតា នយោបាយរបស់ខ្លួន។

ក្នុងពេលនាំអាវរងាទៅចែកកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការយកចិត្តទុកដាក់ទៅលើជីវភាពកងទ័ពពីសំណាក់សម្តេចទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ បានថ្លែងថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅ និងតែងជំរុញដោះស្រាយរាល់បញ្ហារបស់បងប្អូន កងទ័ពរបស់យើង។ ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ជូនបងប្អូនកងទ័ពយើងជារៀងរាល់ឆ្នាំហើយនោះ សម្តេចក៏តែងតែផ្តល់អាវភ្លៀងនៅរដូវភ្លៀង និងផ្តល់អាវរងានៅរដូវរងា»

ក្រៅពីការបង្ហាញនូវការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខ និងជីវភាពរបស់កងទ័ព ហើយលោក ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញពីការប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលទាមទារឲ្យកងទ័ពត្រូវរួមគ្នាថែរក្សា និងការពារឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនបះបោរទាំងឡាយមកបំផ្លាញនោះឡើយ។

លោកបានបន្តលើកឡើងថា សុខសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺរកមកបានដោយលំបាក និងមានសារសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ លោកឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពទាំងអស់ត្រូវរួមគ្នាការ ពារសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គម ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍកម្ពុជាបន្តទៅទៀត និងបានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានប្តេជ្ញាខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងជាមួយទង្វើក្បត់ទាំងឡាយណាដែលអាចនាំមកនូវការបំផ្លាញសុខសន្តិភាព ស្ថេរភាពរបស់ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាជន។