(ភ្នំពេញ)៖ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសតាមសំណើរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក ហុង សុខហួរ បានប្តូរជីវិតពីសមាជិកព្រឹទ្ធសភា ពីជីវិតដែលហឺហារជិះរថយន្តទំនើបក្លាយទៅជាអ្នកទោសក្នុងពន្ធនាគារអស់រយៈជាង២ឆ្នាំ ដោយសាររូបលោកបានព្យាយាមបកស្រាយបំភ្លៃការពិត លើសន្ធិសញ្ញាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម និងបានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា បានធ្វើឲ្យបាត់បង់ទឹកដីតាមរយៈការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
លោក ហុង សុខហួរ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រមាណ ៧ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ បទក្លែងបន្លំឯកសារសាធារណៈបទប្រើប្រាស់ឯកសារ សាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
សំណើសុំឲ្យមានការដោះលែងលោក ហុង សុខហួរ ពីសំណាក់នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ វាជារឿងដ៏ភ្ញាក់ផ្អើលមួយទៅហើយចំពោះអ្នកតាមដាន ស្ថានការណ៍នយោបាយទូទៅចំពេលកម្តៅនយោបាយបានហក់ឡើងខ្ពស់។ ជាពិសេស គឺការប្រឈមរំលាយចោលគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃព្រោះតែការប្រព្រឹត្តខុសពីច្បាប់ស្តីពីគណបក្សនយោបាយរបស់លោក កឹម សុខា ដែលជាប្រធានគណបក្ស។
ការដោះលែងលោក ហុង សុខហួរ ជារឿងភ្ញាក់ផ្អើលមួយទៅហើយ តែអ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងថែមទៀតនោះ គឺលោក ហុង សុខហួរ បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តកំហុសឆ្គង ក្នុងសំណុំរឿងព្រំដែន ហើយបានទទួលស្គាល់ពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចការព្រំដែន ដើម្បីការពារបូរណភាពទឹកដី។
នៅក្នុងលិខិតសម្តែងការសុំទោសចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៧ លោក ហុង សុខហួរ បានទទួលស្គាល់ថា គោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន លើកិច្ចការព្រំដែននេះ ធ្វើយ៉ាងណាឲ្យមានការឯកភាពជាតិ ការបង្រួបបង្រួមជាតិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងរក្សាឲ្យបានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លោក ហុង សុខហួរ ក៏បានសម្តែងការសោកស្តាយផងដែរចំពោះកំហុសឆ្គងរបស់ខ្លួន។ «ខ្ញុំមានការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះនយោបាយរបស់សម្តេចក្នុងដំណើរការបោះ បង្គោលព្រំដែន ដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈលើគោលនយោបាយ និងការអនុវត្តកន្លងមករបស់រាជរដ្ឋាភិបាល»។
តាមរយៈសម្តីទទួលស្គាល់កំហុសរបស់លោក ហុង សុខហួរ វាគឺជាទះកំផ្លៀងយ៉ាងដំណំទៅដល់សមាជិកគណបក្សសង្រ្គោះជាតិដទៃទៀត។ ជាពិសេសបានបង្ហាញថា រឿងព្រំដែនកម្ពុជា-វៀតណាម ដែលលោក សម រង្ស៊ី តែងតែចោទប្រកាន់រាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន គឺដើម្បីតែទាញប្រជាប្រិយភាពផ្នែកនយោបាយរបស់ខ្លួន និងដើម្បីទាញទម្លាក់ប្រជាប្រិយភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជារដ្ឋបុរសដែលបានប្រឹងប្រែងស្វែងរកព្រំដែនសន្តិភាព និងមិត្តភាពជាមួយប្រទេសជិតខាងតែប៉ុណ្ណោះ។
សម្តីទទួលស្គាល់របស់លោក ហុង សុខហួរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន លើសំណុំរឿងព្រំដែននេះជាការផ្តល់នូវសច្ចភាព និងបង្ហាញយ៉ាងច្បាស់ថា កិច្ចការព្រំដែន ដែលសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងធ្វើកន្លងមកនេះគឺជារឿងមួយដ៏ត្រឹមត្រូវក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលសេសសល់នាពេលបច្ចុប្បន្ន ឲ្យកាន់តែបានគង់វង់ និងបញ្ចៀសបានការឈ្លានពានពីប្រទេសជិតខាងទៅថ្ងៃអនាគត។
ក្នុងនាមជាកូនខ្មែរមួយរូបស្មេរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ហុង សុខហួរ ដែលហ៊ានទទួលស្គាល់ពុតត្បុត និងកិច្ចកលរបស់ខ្លួនក្នុងសំណុំរឿងព្រំដែននេះ ព្រោះវាបានលាតត្រដាងការពិតឲ្យកូនខ្មែរបានយល់ និងបានជ្រាប ដើម្បីបញ្ចប់ការខ្វែងគំនិតក្នុងសង្គមខ្មែរលើរឿងព្រំដែន និងផែនទី ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ជាមួយប្រទេសជិតខាង។
ស្មេរក៏សូមថ្លែងអរគុណផងដែរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីសណ្តោសដល់លោក ហុង សុខហួរ ដូចដែលសម្តេចធ្លាប់បានផ្តល់ក្តីសណ្តោសជាច្រើនចំពោះថ្នាក់ដឹកនាំ គណបក្សនយោបាយដទៃទៀតរាប់ទាំងលោក សម រង្ស៊ី នាពេលកន្លងមកផងដែរ។ ការសណ្តោសរបស់សម្តេចនាយករដ្ឋមន្រ្តី និងការចេះសុំទោសរបស់លោក ហុង សុខហួរ គឺជាការបង្ហាញឲ្យឃើញស្មារតីនៃការដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ ដោយមិនសំអាងលើបរទេសដូចពីអតីតកាល និងដូចទង្វើលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ ដែលកំពុងតែធ្វើនាពេលបច្ចុប្បន្ន៕