(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា តាមទិន្ន័យចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ចំនួនអ្នកជំងឺអេពីឡឹបស៊ី (ជំងឺឆ្កួតជ្រូក) នៅប្រទេសកម្ពុជា មានចំនួន១០ម៉ឺននាក់ និងមានអ្នកជំងឺឆ្កួតជ្រូកនេះ យ៉ាងតិច៥០លាននាក់ កំពុងរស់នៅលើពិភពលោក។

ការបែបថ្លែងបញ្ជាក់យ៉ាងដូច្នោះ បានធ្វើឡើងក្នុងឱកាសដែល លោក ម៉ម ប៊ុនហេង អញ្ជើញជាអធិបតីភាព ក្នុងសន្និសីទស្តីពី «ជំងឺអេពីឡឹបស៊ី (ជំងឺឆ្កួតជ្រូក) នៅតំបន់អាស៊ីអាគ្នេយ៍» នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ ដែលបានរៀបចំធ្វើនៅមន្ទីរពេទ្យកាល់ម៉ែត។

សន្និសីទខាងលើនេះ ដោយមានការសហការជាមួយ វិទ្យាស្ថានរោគប្រសាទសាស្ត្រ តំបន់ត្រូពិចបារាំង សហគមប្រឆាំងជំងឺអេឡឹបស៊ីកម្ពុជា, សហគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា ដែលគាំពីក្រសួងសុខាភិបាលនៃកម្ពុជា ដែលមានការគាទ្រពីក្រសួងសុខាភិបាល និងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងមានការឧបត្ថម្ភពីក្រុមហ៊ុន «Sanofi» បារាំង។

លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ប្រធានបទនៃសន្និសីទនេះ ត្រូវបានជ្រើសរើសដែលស្របគ្នា ទៅនឹងការយកចិត្តទុកដាក់ នៃការថែទាំសុខភាព នាពេលបច្ចុប្បន្ន ដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងការការពារ ការត្រួតពិនិត្យ និងការព្យាបាលជំងឺឆ្កួតជ្រូក ដែលជាបន្ទក់សុខភាពសាធារណៈនៅទូទាំងពិភពលោក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នោះថា ទិន្ន័យចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ជំងឺឆ្កួតជ្រូកឥឡូវនេះ នៅទូទាំងពិភពលោក មានចំនួនជាមធ្យម៨,២ភាគពាន់ តាមការប៉ាន់ស្មានចំនួនអ្នកជំងឺឆ្កួតជ្រូក នៅប្រទេសកម្ពុជាមានចំនួន១០ម៉ឺននាក់ និងមានអ្នកជំងឺឆ្កួតជ្រូកនេះ យ៉ាងតិច៥០លាននាក់ កំពុងរស់នៅលើពិភពលោក។

លោក ម៉ម ប៊ុនហេង បានបន្ដថា ចំណែកនៅប្រទេសកម្ពុជា ជាការឆ្លើយតបក្រសួងសុខាភិបាល បានរួមសហការ ជាមួយមន្ទីរពេទ្យសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សមាគមប្រាសាទសាស្រ្តកម្ពុជា សមាគមប្រយុទ្ធប្រឆាំង នឹងអេពីឡឹបស៊ីកម្ពុជា និងភាគីបារាំងតាមរយៈវគ្គបណ្តុះបណ្តាលគ្រូពេទ្យ អំពីជំងឺអេឡឹបស៊ី នៅទូទាំងប្រទេស ធ្វើការសិក្សាអំពីប្រវ៉ាឡង់ អំពីអេពីឡឹបស៊ី នៅខេត្តព្រៃវែង និងគម្រោងស្រាវជ្រាវជំងឺនេះ នៅខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សន្និសីទដ៏មានអត្ថប្រយោជន៍នេះ នឹងលើកបង្ហាញនូវប្រធានបទជាច្រើន រួមទាំងបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ព្រមទាំងមានការផ្លាស់ប្តូរយោបល់គ្នា យ៉ាងផុសផុលជាទុនមួយ ដែលមានតំលៃធំធេង ជួយដល់វិស័យសុខុមាលភាពនៅកម្ពុជា ពិសេសជួយដល់វេជ្ជបណ្ឌិតឯកទេស កាន់តែមានជំនឿជាក់ ក្នុងការពិនិត្យព្យាបាលអេពីឡឹបស៊ី ប្រកបដោយគុណភាព ក្នុងន័យឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល ក្រោយការដឹកនាំដ៏ឈ្លៀសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមលោកសាស្រ្តាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ឈាង រ៉ា បានឲ្យដឹងថា ប្រធានបទ ជំងឺអេឡឹបស៊ី នៅតំបន់ អាស៊ីអាគ្នេយ៍ ដែលជ្រើសរើសយកមកដាក់ក្នុងសន្និសីទនេះ ស្របគ្នាទៅនឹងការយកចិត្តទុកដាក់នៃការថែទាំសុខភាព នាពេលបច្ចុប្បន្ន ដែលប្រទេសក្នុងតំបន់កំពុងប្រឈមមុខ ការពារត្រួតពិនិត្យ និងព្យាបាលដោយផ្តោតលើបច្ចេកទេស កាន់តែជឿនលឿនឈានមុខប្រកប ដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់៕