(សឹង្ហបុរី)៖ ការតភ្ជាប់ទំនាក់ទំនង តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ ដែលកាន់តែមានសន្ទុះកើនឡើងនៅអាស៊ី និងប៉ាស៊ីហ្វិក បានជួយបង្កើនភាពធន់ នៃសេដ្ឋកិច្ចរបស់តំបន់នេះ ចំពោះភាពមិនប្រាកដប្រជា ដែលកើតឡើងក្នុងបរិយាកាសគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់ធនាគារ-អភិវឌ្ឍន៍អាស៊ី (ADB) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ។
របាយការណ៍នេះ ក៏មានជំពូកពិសេសមួយអំពីរបៀបដែលអាស៊ី អាចបង្កើនភាពធន់ទ្រាំ នៃវិស័យហិរញ្ញវត្ថុរបស់ខ្លួនក្នុង យុគសម័យដែលមានការភ្ជាប់ទំនាក់ទំនង ផ្នែកហិរញ្ញវត្ថុ ជាមួយគ្នាទៅវិញទៅមក។ ភាពរឹងមាំនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ មានតួនាទីជាខែល សម្រាប់ការពារតំបន់នេះ ទប់ទល់នឹងភាពមិនប្រាកដប្រជា នៃស្ថានភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល។ នេះបើតាមការលើកឡើងដោយរបាយការណ៍នេះ។
របាយការណ៍ដដែលនេះ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៦ភាគរយ នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសមួយ និងប្រទេសមួយទៀតក្នុងតំបន់ បើគិតជាតម្លៃ កើនឡើងដល់ ៥៧.៣% ក្នុងឆ្នាំ ២០១៦ ដែលជាកម្រិតខ្ពស់មិនធ្លាប់មាន បើធៀបនឹងកំណើនជាមធ្យម ៥៥.៩% ពីឆ្នាំ ២០១០ ដល់ ២០១៥។ តម្លៃនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងតំបន់អាស៊ីទាំងមូល បានកើនឡើងដល់ ២៧២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦ បើទោះបីជាលំហូរ FDI ជាសកលមកកាន់តំបន់នេះ បានថយចុះ៦%ក៏ដោយ។
FDI ពីប្រទេសមួយទៅប្រទេសមួយទៀត ក្នុងតំបន់នេះ គឺជាភាគរយនៃ FDI សរុប ដែលចូលមកក្នុងតំបន់នេះ កើនឡើងពី ៤៨% ក្នុងឆ្នាំ ២០១៥ ដល់ ៥៥% ក្នុងឆ្នាំ ២០១៦។ ដោយសារតែ FDI ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងតំបន់អាស៊ីនេះ បំពេញតួនាទីសំខាន់ក្នុងការជម្រុញការអភិវឌ្ឍ សង្វាក់តម្លៃ គេរំពឹងថា វាក៏នឹងជួយពង្រឹងកំណើនពាណិជ្ជកម្ម
របស់តំបន់នេះផងដែរ។
សេដ្ឋកិច្ចរបស់អាស៊ី បានបន្តពង្រីកវត្តមានក្នុងសកលលោក ដោយ FDI ដែលមានប្រភពពីអាស៊ី បានកើនឡើង១១% ក្នុងឆ្នាំ ២០១៦ ដល់៤៨២ពាន់លានដុល្លារ ជាពិសេស តាមរយៈការវិនិយោគលើថាមពលកកើតឡើងវិញ ធនធានធម្មជាតិ ឧបករណ៍សើមីខុនដាក់ឌ័រ (semiconductors) និងបច្ចេក-វិទ្យាព័ត៌មាន។
Yasuyuki Sawada ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «តំបន់អាស៊ី និងប៉ាស៊ីហ្វិច កំពុងដឹកនាំការងើបឡើងវិញ នៃពាណិជ្ជកម្មសកលលោក ដែលជួយឲ្យតំបន់នេះ អាចបន្ត រក្សាសន្ទុះកំណើនខ្ពស់របស់ខ្លួន បើទោះបីជាស្ថានភាពគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោក កំពុងមានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។ សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការនៅអាស៊ី នឹងជួយពង្រឹងកំណើនសេដ្ឋកិច្ច និងភាពធន់ទ្រាំផ្នែកហិរញ្ញវត្ថុរបស់តំបន់នេះ»៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់ធនាគារ-អភិវឌ្ឍន៍អាស៊ី (ADB) ទាំងស្រុងនៅខាងក្រោមនេះ៖