Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំសរុប៣នាក់ ប្រកាសសុំចូលរួមជាមួយគណបក្សប្រជាជន និងហៅលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើឲ្យបរទេស

26-10-2017 12:26

(កំពង់ធំ)៖ ចៅសង្កាត់ ចៅសង្កាត់រងទី១ ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ សុរប៣នាក់ នៃសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសជាសាធារណៈ និងសរសេរលិខិតចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃនេះតទៅ។

ចៅសង្កាត់ ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិទាំង៣រូបនេះ បានហៅលោក កឹម សុខា ជាជនក្បត់ជាតិ បម្រើឲ្យបរទេសពិតប្រា​កដមែន បន្ទាប់ពីពួកគាត់បានឃើញវីដេអូឃ្លីបរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺជាសកម្មភាពជាក់ស្ដែងញុះញង់បំបែកខ្មែរជាពីរ។

មន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៣រូបខាងលើនេះ រួមមានទី១៖ លោក ហេង សុចិន្ដា អាយុ៤៧ឆ្នាំ ជាចៅសង្កាត់ដំរីជាន់ខ្លា របស់គណបក្សសង្គ្រោះជាតិ, ទី២៖ លោក សែង ចន្ថា អាយុ៣៧ឆ្នាំ ជាចៅសង្កាត់រងទី១ របស់គណបក្សសង្គ្រោះជាតិ និងទី៣៖ លោក ធ្លក គីម ជាសមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោះជាតិ។

យោងតាមលិខិតស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច ពួកគេទាំង៣នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការបម្រើឲ្យបរទេស ដូចដែលបានឃើញតាមរយៈវីដេអូឃ្លឹប ហេតុដូច្នេះហើយធ្វើឲ្យពួកយើងអស់ជំនឿ ទៅការដឹកនាំរបស់គាត់។ ហេតុដូច្នេះពួកយើងសុខចិត្ត​ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំឲ្យប្រទេសជាតិទទួលបានការអភិវឌ្ឍន៍ សន្ដិភាព និងការរីកចម្រើនយ៉ាងពិតប្រាកដ»

លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថា សម្រាប់សង្កាត់ដំរីជាន់ខ្លាមាន៤នាក់ មកពីគណបក្សសង្គ្រោះជាតិ ហើយ៣នាក់មកពីគណបក្សប្រជាជនកម្ពុជា។ សម្រាប់មន្រ្តីម្នាក់ទៀត ដែលជាសមាជិកសង្កាត់មកពីគណបក្សសង្គ្រោះជាតិដែរនោះ មានជំងឺដេកនៅកន្ទេល ដោយឈឺក្នុងស្ថានភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្រ្គោះជាតិ៣រូបហើយ សម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងលោក ប៊ុន ឆៃលីម ជំទប់ទី២ នៃសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត នៅថ្ងៃទី២២ ខែតុលា និងនៅថ្ងៃទី២៥ ខែតុលា បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្រ្គោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល៕